វៀតណាម៖ រដ្ឋសភាប្រទេសវៀតណាមកាលពីថ្ងៃពុធ បានអនុម័តការសុំលាលែងពីតំណែងរបស់ប្រធានាធិបតី វៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) មួយថ្ងៃបន្ទាប់ពីលោកបានសុំលាលែងពីតំណែង ជាផ្នែកមួយនៃការជំរុញប្រឆាំងអំពើពុករលួយ។

ការលាលែងភ្លាមៗ និងមិនធ្លាប់មានពីមុនមករបស់លោក ធ្វើឡើងក្នុងអំឡុងពេលនៃភាពចលាចលនយោបាយដ៏សំខាន់នៅក្នុងប្រទេសវៀតណាម ជាកន្លែងដែលការបោសសម្អាតប្រឆាំងអំពើពុករលួយ និងការប្រជែងគ្នាក្នុងក្រុមដែលបានមើលឃើញរដ្ឋមន្ត្រីជាច្រើនរូបត្រូវបានបណ្តេញចេញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយដែលត្រូវបានបិទចំពោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សមាជិករដ្ឋសភា ៩៣ភាគរយបានបោះឆ្នោតអនុម័តលើការលាលែងរបស់លោក Phuc។ ដោយនៅមិនទាន់មានអ្នកបន្តតំណែងនៅឡើយលោក វ៉ូ ធិ អាញ់សួន(Vo Thi Anh Xuan) អនុប្រធានាធិបតីបច្ចុប្បន្ននឹងក្លាយជាប្រធានាធិបតីបណ្ដោះអាសន្ន ដោយស្វ័យប្រវត្តិតាមរដ្ឋធម្មនុញ្ញ។
ការលាលែងភ្លាមៗរបស់លោក Phuc គឺជាស្ថានភាពមិនធម្មតាមួយនៅក្នុងប្រទេសវៀតណាម ដែលជាធម្មតាការផ្លាស់ប្តូរនយោបាយត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។ ឧបនាយករដ្ឋមន្ត្រីពីររូបគឺលោក ផាម ប៊ិញមិញ (Pham Binh Minh) និងលោក វូ ឌុកដាំ (Vu Duc Dam) ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែនេះក្នុងការបោសសម្អាតប្រឆាំងអំពើពុករលួយ ដែលនាំទៅដល់ការចាប់ខ្លួនមន្ត្រីរាប់សិបនាក់ផ្សេងទៀត ដោយការចោទប្រកាន់អំពើពុករលួយជាច្រើនទាក់ទងនឹងកិច្ចព្រមព្រៀង ដែលធ្វើឡើងជាផ្នែកមួយនៃការឆ្លើយតបជំងឺរាតត្បាត Covid-19 របស់ប្រទេសវៀតណាម។ អគ្គលេខាធិកាលោក ង្វៀន ភូត្រុង (Nguyen Phu Trong) ជាអ្នកមានឥទ្ធិពលបំផុតនៅក្នុងបក្សត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាស្ថាបត្យករនៅពីក្រោយការប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនូវប្រជាប្រិយភាពក្នុងចំណោមសាធារណជនវៀតណាម៕
អត្ថបទ៖ ប៊ុនថន