បាល់ទាត់៖ សំបុត្រមាសតែមួយសន្លឹកគត់សម្រាប់ទស្សនាការប្រកួតជំនួបរវាង Ronaldo និង Messi ត្រូវបានដេញថ្លៃបញ្ចប់ហើយដោយមានតម្លៃដល់ទៅ ២.៦លានដុល្លារអាមេរិកបានទៅអ្នកជំនួញអារ៉ាប៊ីសាអ៊ូឌីតមួយរូប។ Mushref Al-Ghamdi គឺជាអ្នកនាយកក្រុមហ៊ុនអចលនទ្រព្យ AqarOne នៅអារ៉ាប៊ីសាអ៊ូឌីតគឺជាអ្នកដេញថ្លៃបានសំបុត្រមាស រឺហៅថាសំបុត្រ “Beyond Imagination”។
ភាពអស្ចារ្យនៃសំបុត្រមាសដែលមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាននេះ គឺអនុញ្ញាតឱ្យសេដ្ឋីអចលនទ្រព្យរូបនេះមានសិទ្ធចូលទីលានអបអរសាទរជ័យជំនះជាមួយកីឡាករបាន អាចថតរូបជាមួយតារាបាល់ទាត់ល្បីៗក្រោយចប់ការប្រកួតបានដែលគេនឹងឃើញមានវត្តមាន Cristiano Ronaldo Lionel Messi Kylian Mbappe Neymar និង Sergio Ramos ជាដើម។ មិនតែប៉ុណ្ណោះម្ចាស់សំបុត្រមាស ក៏អាចចូលក្នុងបន្ទប់ផ្លាស់សម្រៀកបំពាក់ក្រុមទាំងពីរបាន អាចជជែករឺថតរូបជាមួយតារាបាល់ទាត់ទាំងនោះបាន។ បើតាមការឱ្យពីអ្នករៀបចំថា ទឹកប្រាក់ដែលបានមកពីការលក់សំបុត្រមាសជាង ២លានដុល្លារនេះនឹងបញ្ជូនទៅអង្គការសប្បុរសធម៌ និងកិច្ចការងារជួយសង្គមផ្សេងៗ។
សូមបញ្ជាក់ថា Ronaldo និង Messi នឹងជួបគ្នាក្នុងការប្រកួតមិត្តភាពមួយនៅថ្ងៃនេះ នៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតរវាងក្រុមតារាចម្រុះនៅទីក្រុង Riyadh ដែលមានការរួមបញ្ចូលរវាងក្លិបបាល់ទាត់ពីរ Al Hilal និង Al Nassr ដែលមានវត្តមាន Cristiano Ronaldo ជាប្រធានក្រុម ជួបជាមួយក្រុមបារាំង Paris Saint Germain។ ការប្រកួតមិត្តភាពនេះត្រូវបានគេដឹងថា មានការរង់ចាំទស្សនាច្រើនបំផុតមួយនៅជុំវិញពិភពលោក នៃជំនួបរវាងស្តេចបាល់ទាត់ទាំងពីរ ដែលគេអាចនិយាយបានថា ជាការប្រកួតចុងក្រោយដែល Ronaldo និង Messi ប្រឈមគ្នាមុនចូលនិវត្តន៍៕
អត្ថបទ៖នាង សុភាវុធ