ចិន៖ កាលពីថ្ងៃពុធលោកប្រធានាធិបតីចិន Xi Jinping បានថ្លែងស្វាគមន៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនចិនទូទាំងប្រទេស នៅពេលលោកបានជួបសំណេះសំណាលតាមវីដេអូ ជាមួយពលរដ្ឋទូទៅមកពីទូទាំងប្រទេស មុនពិធីបុណ្យនិទាឃៈរដូវ ឬចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃទី២២ ខែមករាសប្ដាហ៍នេះ។

លោក Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងដែរនោះ បានសំណេះសំណាលជាមួយបុគ្គលិកពេទ្យក្នុងមន្ទីរពេទ្យ ប្រជាពលរដ្ឋចាស់ៗនៅឯផ្ទះមណ្ឌលថែទាំមនុស្ស កម្មករនៅអណ្តូងប្រេង អ្នកដំណើរ បុគ្គលិកនៅស្ថានីយរថភ្លើងល្បឿនលឿន អាជីវករ អតិថិជននៅផ្សារលក់ដុំ និងប្រជាជននៅក្នុងភូមិជនជាតិភាគតិចតាមវីដេអូ។ លោក Xi បានជូនពរប្រជាជនចិន និងក្រុមជនជាតិរបស់ចិនទាំងអស់ឲ្យមានសុខភាពល្អ និងមានសេចក្ដីសុខនៅក្នុងឆ្នាំថោះ និងបានបង្ហាញក្ដីសង្ឃឹមរបស់លោកថា ប្រទេសចិននឹងទទួលតែភាពរុងរឿងជារៀងរហូត។ ជាមួយគ្នានោះលោក Xi Jinping បានបង្ហាញក្ដីបារម្ភផងដែរពីករណីឆ្លងវីរុស COVID-19 នៅតំបន់ជនបទរបស់ប្រទេសចិន។

លោកប្រធានាធិបតីបានទាមទារឲ្យមានការបង្កើនធនធានវេជ្ជសាស្ត្រ និងសេវាផ្គត់ផ្គង់ឱសថ និងផ្នែកវេជ្ជសាស្ត្រដើម្បីត្រៀមសម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ក្នុងករណីធ្ងន់ធ្ងរណាមួយអំឡុងពិធីបុណ្យចូលឆ្នាំ ជាពេលវេលាដែលពលរដ្ឋចិនមកជួបជុំគ្រួសារក្នុងសប្ដាហ៍នេះ។ លោកថា ចិនបានជ្រើសរើសផ្លូវដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាការឆ្លងរាលដាលវីរុស COVID-19 ដោយដាក់ចេញវិធានការតឹងរ៉ឹងកាលពីជិត ៣ឆ្នាំកន្លងទៅនេះ៕
អត្ថបទ៖ សុខមាន