ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនទៅប្រជា ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាអគ្គិភ័យ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ ។
ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោ សន្តិភាព ដែលមានទី តាំងក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៩ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប៉ុន្មានថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងឈានមកដល់ ដែលកង្វល់ធំនៅពេលនោះ គឺមិនមែនបញ្ហាជំងឺកូវីដ-១៩ បើទោះជាអាចនឹងមានការឆ្លងខ្លះក៏ដោយ ។
សម្ដេចតេជោ បានបញ្ជាក់ថា កង្វល់ដ៏ធំ នៅពេលពិធីបុណ្យនេះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និង បញ្ហាអគ្គិភ័យទៅវិញទេ ដែលបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បកុំឲ្យការសប្បាយ ប្រែក្លាយជាទុក្ខ ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខណៈសកម្មភាព នៃការលក់ដូរនូវប្រដាប់ប្រដារ សម្រាប់សែន ត្រូវបានក្រុមអាជីវករ បានចាប់លក់ជាហូរហែរផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ
