ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើទៅកាន់ក្រសួងធម្មការ និងសាសនា និងព្រះសង្ឃគ្រប់លំដាប់ ថ្នាក់ ជួយបង្កើនការផ្សព្វផ្សាយនូវធម៌ របស់ព្រះសម្មាសម្ពុទ្ធបន្ថែមទៀតទៅដល់យុវជនជំនាន់ក្រោយ ឲ្យបានទូលំទូលាយ ។
នៅក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ការងារបន្ត ឆ្នាំ២០២៣ របស់ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែមករា នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បនជំរុញដល់មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្ម សាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ហើយមន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម និងរួមគ្នា ដោះស្រាយនូវអធិករណ៍ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាននីមួយៗ ។
លោកជំទាវ បានសំណូមពរដល់ក្រសួងធម្មការ រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធ ត្រូវពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងចំណេះដឹង និងសមត្ថភាព តាមរយៈការពង្រឹងពុទ្ធិកសិក្សា គោរពឲ្យបានខ្ជាប់ខ្ជួននូវព្រះធម៌វិន័យ និងអប់រំផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ ឱ្យបានទូលំទូ លាយ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អ ប្រពៃរបស់ជាតិ សំដៅចៀសវាងឱ្យបាននូវបាតុភាពអសកម្មនានា ព្រោះព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត មានហេតុផលច្បាស់លាស់ ។
លោកជំទាវ ម៉ែន សំអន បានកោតសសើរថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាគ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នា ក្នុងការអនុវត្តការងារទទួលបានជោគជ័យគួរជាទីមោទនៈ ហើយលោកជំទាវ ក៏បាន លើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងកូវីដ-១៩ និងសមិទ្ធផលថ្មីៗ របស់រាជរដ្ឋាភិ បាលសម្រេចបាន ក៏ដូចជាជោគជ័យការទូត នៅលើឆាកអន្តរជាតិ និងជោគជ័យ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕អត្ថបទ៖ បាន សុខរិទ្ធិ