ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ នឹងមិនមានការលើកលែង អត់ឱន ដល់អ្នកដែលជេរប្រមាថគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលឡើយ។ សម្ដេច ក៏បានផ្ដាំផ្ញើដល់បរទេសកុំលូកដៃចូលក្នុងករណីនេះពីព្រោះប្រទេសកម្ពុជាជាប្រទេសឯករាជ្យ។
សម្ដេចតេជោ មានប្រសាសន៍ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១២០០ នាក់ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកមរានេះ។
សម្ដេច បានទទូចចំពោះអ្នកទាំងឡាយកុំយករឿងអ្វីៗសុទ្ធតែជារឿងនយោបាយទាំងអស់ ដូចជាករណីបុគ្គលចេញសែកគ្មានប្រាក់ គឺតុលាការត្រូវចាត់វិធានការតាមច្បាប់។ ប៉ុន្ដែបើនៅបន្តជេរប្រមាថដល់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល គឺនឹងចាត់វិធានការតាមតុលាការមិនលើកឡែងឡើយ។
ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលើកលែងទោសដល់លោក ហូរ វ៉ាន់ ដែលកំពុងដង្ហែតាមតាមទណ្ឌិតមេឧទ្ទាមនៅក្រៅប្រទេស ប្រសិនបើចង់ចូលមកកាន់ប្រទេសកម្ពុជា និងប្រកាសលើកលែងទោស។ ប៉ុន្តែសម្ដេច បញ្ជាក់ថា ចំពោះករណីអ្នកដែលជេរប្រមាថគណបក្សប្រជាជនកម្ពុជា សម្ដេច បញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅនឹងមិនលើកលែងឡើយដោយសម្ដេចបញ្ជាឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពិនិត្យលើក្រុមជេរប្រមាថនេះ៕អត្ថបទ៖ វ៉ន ដារ៉ា










