ភ្នំពេញ៖ ក្រសួងផែនការ បានប្រកាសផ្សព្វផ្សាយលទ្ធផល អង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២១ សម្រាប់បណ្ដាក្រសួងស្ថាប័ន បណ្ដាអង្គការជាតិ អន្តរជាតិ អាចប្រើប្រាស់ទិន្នន័យពីអង្កេតនេះ ក្នុងគោលដៅនានា។
អង្កេតសេដ្ឋកិច្ច សង្គមកិច្ចជាអង្កេតដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង និងប្រើប្រាស់ថវិការាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង។ លទ្ធផលនៃអង្កេតនេះ គឺមានសារៈសំខាន់ជាខ្លាំងសម្រាប់បណ្ដាក្រសួងស្ថាប័នជាតិ-អន្តរជាតិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ក្នុងឱកាសផ្សព្វផ្សាយលទ្ធផលអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ ២០២១។
ឯកឧត្តមរដ្ឋ មន្រ្តីបន្តថា អង្កេតនេះជាការប្រមូលទិន្នន័យបានមកពីគ្រួសារចំនួនជាង ១ម៉ឺនគ្រួសារ ដែលជ្រើសរើសពី ២៥ រាជធានី-ខេត្ត។ ការប្រមូលទិន្នន័យនេះដែរ គឺធ្វើឡើងជាចាំបាច់រៀងរាល់ខែក្នុងរយៈពេល ១២ខែ។
ឯកឧត្តមបន្តថា លទ្ធផលនៃអង្កេតសេដ្ឋកិច្ច សង្គមកិច្ច គឺក្ដោបជារួមនូវទិន្ន័យសំខាន់ជាច្រើនរបស់គ្រួសារ។ ក្នុងនោះរួមមាន ផ្នែកប្រជាសាស្ត្រ, ស្ថានភាពលំនៅដ្ឋាន, កសិកម្ម, កម្លាំងពលកម្ម, សុខភាព និងជនមានពិការភាព, ការទទួលរងគ្រោះ, ចំណូលនិងឥណទាន(បំណុល)របស់គ្រួសារ, ការចំណាយប្រើប្រាស់ទំនិញម្ហូបអាហារ និងមិនមែនម្ហូបអាហារ និងលក្ខណៈប្រើប្រាស់ស្បៀងអាហាររបស់គ្រួសារ។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបញ្ជាក់ថា លទ្ធផលនៃអង្កេតសេដ្ឋកិច្ច សង្គមកិច្ចគឺនឹងអាចប្រើប្រាស់ជាផ្លូវការ ដើម្បីគណនាពីជីវភាពប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងជាប្រភពដ៏សំខាន់សម្រាប់បណ្ដាក្រសួងស្ថាប័ន។
ខណៈចេញផ្សាយលទ្ធផលនៃអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២១នេះ មន្រ្តីជំនាញនៃក្រសួងផែនការ ក៏បាននឹងកំពុងចុះប្រមូលទិន្នន័យ ពីគ្រួសារសំណាក តាមមូលដ្ឋាន ឃុំសង្កាត់នៃ ២៥ រាជធានី-ខេត្តផងដែរ។ កិច្ចការនេះ នឹងមានរយៈពេលពេញមួយឆ្នាំ ដោយចាប់ផ្ដើមពីខែ មករា ដល់ខែធ្នូ ឆ្នាំ ២០២៣៕ អត្ថបទ៖ គឹមហុក