ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) នឹងបញ្ចប់ការចរចានៅជុំទី៣ នាខែកុម្ភៈ និងគម្រោងបញ្ចប់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២៣ខាងមុខ ។
នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ថានី អាម៉េត អាយហ្ស៊ីយ៉ុនឌី (Thani Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។
ក្រោយឆ្លងកាត់កិច្ចប្រជុំចរចាជុំទី១ កាលពីខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ ក្នុងខែធ្នូ ឆ្នាំ២០២២ ភាគីទាំងពីរបានខិតខំបំពេញតាមសំណើរសុំ និងការផ្តល់ឱ្យរវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការវិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមជាថ្មីម្តងទៀត និងចំពោះឱកាសដែលភាគីទាំងពីរអាចពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូកន្លងមក។
ឯកឧត្តម ក៏បានអបអរសាទរដល់រដ្ឋាភិបាល អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣របស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០២៤ ខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី
