វាយកូនបាល់៖ កីឡាការិនីលំដាប់កំពូលរបស់អង់គ្លេស Emma Raducanu បានធ្លាក់ចេញពីព្រឹត្តិការណ៍ Grand Slam, Australian Open ហើយនៅត្រឹមជុំទី២ ប៉ុណ្ណោះក្រោយរងបរាជ័យក្រោមស្នាដៃកីឡាការិនីអាមេរិក Coco Gauff។

បច្ចុប្បន្នឈរចំណាត់ថ្នាក់លេខ ៧៧ ពិភពលោក Raducanu មុនឈានមកដល់ Australian Open នេះបានរងរបួសកជើង ១១ថ្ងៃមុនការប្រកួតចាប់ផ្តើម។ Coco Gauff ដែលបច្ចុប្បន្នកំពុងឈរលេខ ៧ ពិភពលោកបានក្រសោបយកជ័យជំនះដោយលទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៧-៦(៧-៤) ដែលធ្វើឱ្យកីឡាការិនីវ័យ ២០ឆ្នាំ Raducanu ឡើងមិនដល់ជុំទី៣ Grand Slam តាំងពីឈ្នះជើងឯក US Open នៅឆ្នាំ២០២១។ កីឡាការិនីវ័យក្មេងអាមេរិក Coco Gauff ក៏ជាបេក្ខភាពឈានមុខគេមួយរូបផងដែរដែលគេគិតថានឹងអាចឈ្នះជើងឯក Australian Open ឆ្នាំនេះ។
ងាកមកកីឡាការិនីអាមេរិក Madison Keys បានបន្តដំណើរឡើងជុំទី៣ ក្រោយយកឈ្នះកីឡាការិនីចិន Wang Xinyu ដោយលទ្ធផល ៦-៣ និង ៦-២។ ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open នេះពីរលើក Madison Keys នឹងបន្តជួបជាមួយអ្នកឈ្នះរវាង Nadia Podoroska រឺក៏ Victoria Azarenka នៅជុំទី៣។ ចំណែកឯកីឡាការិនីឡេតូនី Yelena Ostapenko បានយកឈ្នះកីឡាការិនីហុងគ្រី Anna Bondar ៧-៦(៧-៥) ៥-៧ និងសិតចុងក្រោយ ៦-០។ កីឡាការិនីលំដាប់លេខ ១៧ រូបនេះនឹងបន្តជួបជាមួយកីឡាការិនីលំដាប់លេខ ៩៥ ពិភពលោក Kateryna Baindl៕
អត្ថបទ៖នាង សុភាវុធ