ភ្នំពេញ ៖ បញ្ចេញភាពច្នៃប្រឌិតរបស់អ្នក និងបង្ហាញបុគ្គលភាពរបស់អ្នកជាមួយនឹងកម្មវីធីរដូវវប្បធម៌ឆ្នាំ២០២៣ ដែលនាំមកជូនលោកអ្នកដោយអង្គការសិល្បៈខ្មែរអមតៈក្រោមប្រធានបទ "តែឯង តែយើង”នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
បើតាមលោក ស ចាន់បុរី អ្នកសម្របសម្រួលកម្មវិធី និងជាមន្រ្តីនៃសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី«រដូវវប្បធម៌» ថា កម្មវិធីរដូវវប្បធម៌បានដំណើរការជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលមានគោលបំណងជំរុញ ការបញ្ចេញមតិ និងភាពច្នៃប្រតិដ្ឋទៅដល់ក្រុមយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ តាមរយៈការសម្តែង សិក្ខាសាលា ការតាំងពិពណ៌ និងកិច្ចសន្ទនាពិភាក្សា។ ក្នុងឆ្នាំ២០២៣នេះ កម្មវិធីរដូវវប្បធម៌នឹងចាប់ផ្តើមការសម្តែងនៅរាជធានីភ្នំពេញក្នុងអំឡុងខែកុម្ភៈ ដល់ខែមីនា នៅទីកន្លែងចំនួនបួនផ្សេងគ្នា រួមមាន វិទ្យាស្ថានបារាំងកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង Friends Future Factory និង Acting Academy ។ ក្នុងកំឡុងខែមីនា កម្មវិធីរដូវវប្បធម៌ នឹងនាំយកសិក្ខាសាលា ក៏ដូចជាស្នាដៃមួយចំនួនទៅសម្ដែងនៅតាមបណ្តាខេត្តផ្សេងៗចំនួន៤ ផងដែរ។
កម្មវិធីរដូវវប្បធម៌អាចប្រព្រឹត្តទៅបាន ដោយមានការគាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិ ប្រទេសស៊ុយអែត (Sida)។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីសិល្បៈទស្សនីយភាពទាំងអស់នឹងប្រារព្ធឡើងនៅឆាកសម្តែងដែលទើបសាងសង់ថ្មីរបស់វិទ្យាស្ថានបារាំងកម្ពុជា ដែលវិទ្យាស្ថានបារាំងកម្ពុជា បានផ្តួចផ្តើមដើម្បីឱ្យកាន់តែងាយស្រួលដល់សហគមន៍សិល្បៈក្នុងស្រុក។ យើងរីករាយដែលរដូវវប្បធម៌ឆ្នាំ ២០២៣ ក្លាយជាកម្មវិធីបើក សម្ភោធ ឆាកសម្តែងមួយនេះ។
ជាមួយគ្នានោះដែរ លោកស្រី ថន សីមា អ្នកគ្រប់គ្រងកម្មវិធីសិល្បៈសហគមន៍ នៃអង្គការសិល្បៈខ្មែរអមតៈ បានលើកឡើងថា អង្គការសិល្បៈខ្មែរអមតៈបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ដោយអ្នករស់រានមានជីវិតពីអំពើប្រល័យពូជ សាសន៍ ខ្មែរក្រហម និងជាតន្ត្រីករ លោក អាន ចនផន ។ សម្រាប់ទសវត្សរ៍ដំបូង យើងបានផ្តោតលើការស្ដារឡើង វិញនូវសិល្បៈសម្តែងបែបប្រពៃណីដែលជិតបាត់បង់។.ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ យើងបានផ្ដោតលើការគាំទ្រអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីធ្វើឱ្យមាននិរន្តរភាពអាជីពរបស់ពួកគេក្នុងវិស័យសិល្បៈ តាមរយៈការផ្តល់អាហារូបករណ៍ ការភ្ជាប់ទំនាក់ទំនងទៅកាន់ ពិភពលោកខាងក្រៅ និងការគាំទ្រផ្សេងៗទៀត។ ពីរទស្សវត្សរ៍កន្លងមកនេះ យើងបានវិវឌ្ឍន៍យ៉ាងពេញលេញនូវតួនាទីរបស់យើងជាអ្នកផ្តល់ជំនួយ និងជាកាតាលី ក្នុងការពង្រឹងភាពច្នៃប្រឌិត ដែលក្នុងនោះមានការផ្តល់ជាយោបល់ក៏ដូចជាមតិតាមរយៈប្រភេទជំនួយផ្សេងៗ និង ការចាត់ចែងការងារថ្មីៗ ដើម្បីអភិវឌ្ឍសិល្បៈកម្ពុជាឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។
ចំណែកលោក នាយកវិទ្យាស្ថានបារាំង ឲ្យដឹងថា វិទ្យាស្ថានបារាំងនៃកម្ពុជាផ្ដល់ជូនវប្បធម៌ចម្រុះផ្សេងគ្នាពេញមួយឆ្នាំតាមរយៈការផ្ដល់ជូនសារធារណៈជន នូវសេវាកម្មជាច្រើន ដែលមានដូចជាភោជនីយដ្ឋាន បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ មជ្ឈមណ្ឌលបង្រៀនភាសា និង សកម្មភាពវប្បធម៌ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះវិទ្យាស្ថានបារាំងនៃកម្ពុជាគាំទ្រសកម្មភាពវប្បធម៌ចម្រុះគ្រប់ប្រភេទ ដែលពួកគេរីករាយនឹងផ្តល់ជូនអ្នកនូវឧបករណ៍ប្រើប្រាស់ និងគាំទ្រអ្នកគ្រប់សកម្មភាព គ្រប់ទម្រង់ ដែលអាចធ្វើឡើងជាទោល ជាក្រុម ឬជាមួយគ្រួសាររបស់អ្នក។ គិតចាប់តាំងពីការទស្សនាការតាំងពិព័រណ៍សៀវភៅ រហូតដល់សិក្ខាសាលាច្នៃប្រតិដ្ឋ ផ្ដល់ជូនឯកសារអប់រំ ឬ សៀវភៅបែបកម្សាន្ត ក្រុមការងាររបស់វិទ្យាស្ថានបារាំងនៃកម្ពុជាមានគោលបំណងផ្តល់ឱ្យអ្នកនូវគន្លឹះសំខាន់ឈាន ទៅរកការទស្សនាមួយប្រកបដោយភាពស្វាហាប់ ជោគជ័យ ដែលសម្របទៅតាមការរំពឹងទុករបស់អ្នក៕ ដោយ ៖ រដ្ឋា













