ស៊ីហ្គេម៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែមករានេះ បានអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងនៃគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ចំនួន ៤,៣៧៤នាក់ដើម្បីត្រៀមការពារ និងផ្ដល់សុវត្ថិភាពជូនប្រតិភូកីឡា ភ្ញៀវជាតិ-អន្ដរជាតិក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនាពេលឆាប់ៗខាងមុខ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់នៃគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានត្រៀមរួចរាល់ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ដល់ឥស្សរជន មន្ដ្រីជាន់ខ្ពស់ ប្រតិភូកីឡា និងកីឡាករ-កីឡាការិនី ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិ ក្រោមកិច្ចសហការយ៉ាងល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក៏ដូចជាអន្ដរជាតិ ជាក់ស្ដែងមានបណ្ដាប្រទេសជាមិត្តចំនួន ៨ ក៏បានគាំទ្រដល់គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ក្នុងការត្រៀមទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នេះផងដែរ។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍របស់គណៈកម្មការជំនាញរួច សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដែលបានសហការជាមួយគណៈកម្មការពាក់ព័ន្ធនៃគណៈកម្មាធិការជាតិ CAMSOC ក្នុងការយកចិត្តទុកដាក់រៀបចំផែនការការពារ ទាំងកម្លាំងសរុប មធ្យោបាយ សម្ភារៈ និងកិច្ចសហការជាមួយក្រសួង-ស្ថាប័ននានា។ សម្ដេចពិជ័យសេនាមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១៩ ខែមករានេះ ស៊ីហ្គេមនៅ ១០៦ថ្ងៃទៀតប៉ុណ្ណោះ។ តាមរយៈពេលវេលាសេសសល់នេះ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមតាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ សម្រាប់ធានានូវសុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង ១១ប្រទេស មន្ដ្រី កីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍រាប់ម៉ឺននាក់មកចូលរួមនៅកម្ពុជាដែលកំពុងរស់នៅក្រោមម្លប់សន្ដិភាព។
ក្នុងនាមថ្នាក់ដឹកនាំ CAMSOC គណៈកម្មការជំនាញពាក់ព័ន្ធបានប្តេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់ នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដើម្បីធានាអនុវត្តភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យមានប្រសិទ្ធភាព និងជំរុញឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដំណើរការដោយរលូន និងទទួលបានជោគជ័យ។ នេះបើតាមការសង្កត់ធ្ងន់របស់សម្ដេចពិជ័យសេនា ទៀ បាញ់៕ អត្ថបទ៖ លី ឈុនឡា