
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នេះ ក្រុមមេធាវីរាជរដ្ឋាភិបាល និង ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ សែន បានរៀបចំកិច្ចប្រជុំបូកសរុបការងាររប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម គី តិច ជាប្រធាន។
ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្មគ្រ័ចិត្ត សម្តេចតេជោសែន បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិកូវីដ១៩ បានបង្កផលប៉ះពាល់់ដល់ដំណើរការសេដ្ឋកិច្ច សង្គមកម្ពុជា ប៉ុន្តែក្រុមមេធាវីស្មគ្រ័ចិត្តសម្តេចតេជោសែន និង ក្រុមមេធាវីរាជរដ្ឋាភិបាល នៅតែបន្តបេសកម្មការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម បន្តថា ការបំពេញបេសកកម្មការពារក្តី ជូនដល់ស្ត្រីក្រីក្រ គឺជាកិច្ចការអាទិភាពរបស់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងទៅនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ (គ្រប់ករណី) ក្នុងក្របខណ្ឌទូទំាងប្រទេស បានចំនួន ៦៩៦ ករណី ។ សំណុំរឿងដែលបានទទួលយកមកការពារជូនស្រ្តីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ (គ្រប់សាលាជម្រះក្តី) មានចំនួន ៦៥ ករណី រួមមាន រឿងក្តីព្រហ្មទណ្ឌ មានចំនួន ៥៣ ករណី រឿងក្តីរដ្ឋប្បវេណី មានចំនួន ១២ ករណី ដែលក្នុងនោះសំណុំរឿង ដែលបានការពារក្តីចប់ មានចំនួន៥៣ ករណី រឿងក្តីព្រហ្មទណ្ឌ មានចំនួន ៤៧ ករណី រឿងក្តីរដ្ឋប្បវេណី មានចំនួន ៦ ករណី សម្របសម្រួលបញ្ចប់ក្រៅប្រព័ន្ធតុលាការ ចំនួន៣ករណី។
ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល បច្ចុប្បន្នមានសមាជិកចំនួន ១១រូប បានការពារក្តី ព្រហ្មទណ្ឌ ដែលពាក់ពន្ធ័នឹងសន្តិសុខជាតិចំនួន ០៦ករណី និងបានចូលរួមពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តតាមក្រសួងស្ថាប័នពាក់ព័ន្ធ បំពេញកិច្ចការតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល រួមនឹងសកម្មភាពពង្រឹង ការអនុវត្តច្បាប់ លើកកម្ពស់វិស័យយុត្តិធ៌ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លទ្ធផលការងារទាំងអស់ដែលសម្រេចបាន គឺបានបង្ហាញឱ្យឃើញអំពីឆន្ទៈដ៏មោះមុត ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។ បន្ថែមពីនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាតិ រួមជាមួយនឹងការដឹកនាំប្រកបដោយភាពវៀងវៃ អង់អាច ស្វាហាប់ និងចក្ខុវិស័យច្បាស់លាស់របស់ថ្នាក់ដឹកនាំរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជាហេតុនាំឱ្យក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ៕ អត្ថបទ៖ សូដាវណ្ណ






