ស្ទឹងត្រែង ៖ ព្រះសង្ឃ និងអាជ្ញាធរស្រុកសេសាន ចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ជាចាស់ ទីទាល់ក្រចំនួន ៥០គ្រួសារ កាលពីថ្ងៃទី២២ខែមេសា ម្សិលមិញនេះ ។
សូមបញ្ជាក់ថា លោកតា លោកយាយ ដែលមានជីវភាពលំបាក ទីទាល់ក្រនៅឃុំសាមឃួយ និងកំភុន ចំនួន៥០គ្រួសារ ត្រូវបានព្រះសង្ឃនិមន្តមកពីតាមបណ្ដាលវត្ត ដូចជា វត្តកំភុន វត្តបាដើម វត្តញើន និងវត្តសេសាន បានប្រមូលបច្ច័យសរុបរួម មានអង្ករ ១តោន ១២៥ គក មី ៥០ កេះ ប្រាក់ចំនួន១,៥០០,០០០ រៀលបានផ្ដល់តាមគ្រួសារនីមួយដល់ខ្នងផ្ទះ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រមួយចំនួន មានពលរដ្ឋខ្លះមានជីវភាពក្រលំបាកទីទាល់ក្រ អាជ្ញាធរស្រុកក៏បានគៀងគរដោយមានការចូលរួមពីព្រះសង្ឃតាមបណ្ដាលវត្តមួយចំនួន បានចូលរួមជាអង្ករ មី បច្ច័យ និងសម្ភារៈផ្សេងៗ យកផ្ដល់ជូន គ្រួសារលោកតា លោកយាយ ចំនួន៥០គ្រួសារដល់លំនៅឋាន។
លោកអភិបាលស្រុក បន្ដថា ការផ្ដល់អំណោយជូនដល់គ្រួសារជួបការលំបាកនេះ ដោយទានទាំងអស់នេះ បានចែកជូនដល់គ្រួសារនីមួយ ទទួលបានអង្ករ២០គីឡូក្រាម មី១កេះ និងថវិកាគ្រួសារខ្លះទទួលបាន២០០០០រៀល និងខ្លះ៣០០០០រៀល។
ក្នុងឱកាសនោះ ព្រះអង្ឃ និងអាជ្ញាធរ ក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាអនាម័យ និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងគោរពតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ ៖ មាស ផល្លា



