វាយកូនបាល់៖ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី អមដំណើរដោយនាយកប្រតិបត្តិលោកស្រី Manpreet Kandhari បានវាយតម្លៃខ្ពស់ថា ទីលានកីឡាវាយកូនបាល់កម្ពុជាគឺមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
ការលើកឡើងនេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់កីឡាវាយកូនបាល់អាស៊ី បានចុះពិនិត្យទីលានវាយកូនបាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការសម្របសម្រួលរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាកាលពីថ្ងៃទី១៩ ខែមករាម្សិលមិញ។ ក្នុងឱកាសនោះក៏មានជំនួបសំណេះសំណាលរយៈពេលខ្លីរវាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ជាមួយលោក Kitsombat Euammongkol ផងដែរ។ នាឱកាសចុះពិនិត្យ និងវាយតម្លៃនោះ ប្រធានសហព័ន្ធ ក៏ដូចជានាយកប្រតិបត្តិសហព័ន្ធកីឡាវាយកូនបាល់អាស៊ីដដែលបានលើកឡើងថា ទីលានកីឡាវាយកូនបាល់របស់កម្ពុជា ត្រៀមទទួលកីឡាស៊ីហ្គេមនាខែឧសភាខាងមុខនេះ គឺមានលក្ខណៈស្តង់ដាគ្រប់គ្រាន់ ទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹក និងកន្លែងអង្គុយទស្សនាជាដើមគឺមានភាពរៀបរយអស់ហើយ នៅឡើយទីលានដែលត្រូវមានការកែលម្អបន្ដិចបន្ដួចទៀត នឹងស្របតាមស្ដង់ដារអន្ដរជាតិដើម្បីរៀបចំការប្រកួតដោយមោទនភាពតែម្ដង។
ជុំវិញការដំណើរទស្សនកិច្ចនេះដែរ លោក ទេព រិទ្ធីវិទ្ធ បានអបអរសាទរ និងស្វាគមន៍ដោយសេចក្ដីរីករាយចំពោះការត្រួតពិនិត្យ វាយតម្លៃ និងផ្ដល់ជាយោបល់ល្អៗ សម្រាប់ជាធាតុចូបន្ថែមដល់សហព័ន្ធក្នុងការត្រៀមខ្លួន និងរៀបចំឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិស៊ីហ្គេមលើកទី៣២ នាឧសភាខាងមុខ បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ លោកអះអាងថា រាល់ចំណុចខ្វះខាតពាក់ព័ន្ធនឹងទីលានប្រកួត ភាគីទទួលបន្ទុកទីលានរបស់គណៈកម្មាធិការជាតិ CAMSOC នឹងធ្វើការកែលម្អ ដើម្បីឆ្លើយតបតាមការវាយតម្លៃរបស់អ្នកជំនាញមកពីសហព័ន្ធអាស៊ី៕
អត្ថបទ៖ លី ឈុនឡា