បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ បានរកឃើញក្រុមឡើងវគ្គ ១៦ក្រុមចុងក្រោយអស់ហើយ ក្រោយចាប់ផ្ដើមការប្រកួតជម្រុះតាមពូលកាលពីថ្ងៃទី០៧ ខែមករាកន្លងទៅ។
សម្រាប់បេក្ខភាព ៥ក្រុមចុងក្រោយដែលទើបបញ្ចប់ការប្រកួតតាមពូលរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមករាម្សិលមិញ រួមមានពូល H ក្រុម Khmer United បានឈរកំពូលតារាងរកបាន ៧ពិន្ទុក្រោយយកឈ្នះក្រុម ស.ស.យ.ក ស្រុកមុខកំពូល ៣-០។ ពូល M ក្រុម ស.ស.យ.ក ខេត្ដកណ្ដាល បានឈរកំពូលតារាងដោយរកបាន ៩ពិន្ទុពេញក្រោយយកឈ្នះក្រុមម៉ូលីអេហ្វស៊ី ៥-២។ ពូល N ក្រុម ស.ស.យ.ក ខេត្ដស្វាយរៀង ឈរកំពូលតារាងដោយរកបាន ៩ពិន្ទុពេញដូចគ្នា ក្រោយយកឈ្នះក្រុមយុវជន ៧មករាច្រាំងចំរេះ(១) ដោយលទ្ធផល ៧-០។ ពូល O ក្រុមស៊ីសូផុនអេហ្វស៊ី បានយកឈ្នះក្រុមវ័យចាស់ក្រសួងការពារជាតិ ៣-១ ដើម្បីឈរកំពូលតារាង និងរកបាន ៩ពិន្ទុ គ្រាដែលក្រុម Zaitun FC បានយកឈ្នះក្រុម RFL FC ដោយលទ្ធផល ៣-២ ដើម្បីធានាកៅអីវគ្គបន្ដក្រោយរកបាន ៩ពិន្ទុពេញដូចគ្នាដើម្បីឈរកំពូលតារាង។
សម្រាប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករាខាងមុខ ដោយកម្មវិធីប្រកួតរួមមានថ្ងៃទី២៥-មករា៖ ក្រុមស៊ីយ៉ាប្រែនជួបក្រុមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា, ក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិជួបក្រុមស.ស.យ.ក ខេត្តកោះកុង, ក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យជួបក្រុមយុវជនស្រលាញ់សន្ដិភាព និងក្រុម Avatar ជួបក្រុម Khmer United។ ដោយឡែកនៅថ្ងៃទី២៦ ខែមករា រួមមានក្រុម ស.ស.យ.ក ខេត្តបាត់ដំបងជួបក្រុម ស.ស.យ.ក ស្រុកខ្សាច់កណ្ដាល, ក្រុម Royal Mayura Resort ជួបក្រុម Try All FC, ក្រុម ស.ស.យ.ក ខេត្តកណ្ដាលជួបក្រុម ស.ស.យ.ក ខេត្តស្វាយរៀង និងក្រុមស៊ីសូផុន អេហ្វស៊ី ជួបក្រុម Zaitun FC។ ចំពោះព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្ដាលអាជីព ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះគ្រោងនឹងបញ្ចប់នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

