កោះកុង៖ នាពេលថ្មីៗនេះ ក្រុមការងារអភិរក្សអណ្តើក នៃអង្គការ WCS និងរដ្ឋបាលជលផល បានរកឃើញពង អណ្តើកហ្លួង ចំនួន៤សម្បុក (ថ្ងៃទី១៦ ខែមករា រកឃើញមួយសម្បុក និងថ្ងៃទី១៩ រកឃើញបីសម្បុក) មានពងសរុបចំនួន៥៤គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង។ នេះបើតាមប្រភពពីអង្គការ WCS ។
អង្គការនេះ បានបញ្ជាក់ថា យោងតាមរូបភាព ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែល ក្រុមការងារបានដាក់នៅលើឆ្នេរខ្សាច់នោះ បានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាល បានឡើងពីស្រះ បង្កាត់ពូជ មកកាយខ្សាច់ទម្លាក់ពង នៅវេលាចន្លោះម៉ោង៩យប់ ដល់ពាក់កណ្តលយប់ កាលពីថ្ងៃទី១៦ និង១៨ ខែមករា នេះ។ នេះគឺជាឆ្នាំទី៣ហើយ ដែលអណ្តើកហ្លួងចិញ្ចឹម បានពងនៅក្នុងមជ្ឈមណ្ឌលក្នុង ប្រទេសកម្ពុជា។
ក្រុមការងារ បានរំពឹងថា នឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុង រដូវពងកូនឆ្នាំនេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា ។ កាលពីឆ្នាំ២០២២ ក្រុមការងារ បានរក ឃើញពងអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់ដដែលនេះ ចំនួន៩ សម្បុក មានពងសរុបចំនួន៨១គ្រាប់ និង ញាស់បាន៣៣កូន។
ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល គឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋ បាលជលផល សំដៅស្តារចំនួនអណ្តើកប្រភេទនេះ ឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ ។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន១៨៤ក្បាល។ ចាប់ តាំងពីឆ្នាំ២០១៥ ក្រុមការងារ បានលែងអណ្តើកហ្លួងជំទង់ ចំនួន១៤៧ក្បាល ចូលក្នុងទីជម្រកធម្មជាតិ វិញ។ អណ្តើកជំទង់ និងស្ទើរជំទង់ នៅក្នុងមជ្ឈមណ្ឌល ត្រូវបានក្រុមការងារចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ ពូជ ចំនួន៤ ចំណែកឯកូនអណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងធុងប្លាស្ទិក មុននឹងផ្ទេរចូលក្នុងស្រះ បង្កាត់ពូជ។
អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេស ថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រ ថា Batagur Affinis ។ អណ្តើកប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថាជា ប្រភេទជិតផុតពូជបំផុត ។ នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញព្រះរាជក្រឹត្យ ចាត់ចំណាត់ថ្នាក់ សត្វប្រភេទនេះ ជាសត្វល្មូនជាតិ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា៕





