វ៉ូវីណាម៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកយុវជនគិរីសួគ៌ឆ្នាំ២០២៣ ដែលបញ្ចប់ការប្រកួតដោយជោគជ័យ ប្រកបដោយគុណផលខ្ពស់ឆ្ពោះទៅរកអ្នកបន្ដវេនសម្រាប់ថ្ងៃអនាគត។

ការលើកឡើងនេះ បន្ទាប់ពីការប្រកួតជើងឯកយុវជននេះបានដំណើរការប្រកួត ១ថ្ងៃពេញកាលពីថ្ងៃទី១៩ ខែមករាម្សិលមិញនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធ ហើយក៏មានការចូលរួមពីលោក ឈរ រិទ្ធី នាយប្រតិបត្តិក្រុមហ៊ុនគិរីសួគ៌ដែលចូលរួមសហការរៀបចំការប្រកួតនេះផងដែរ។ ប្រធានសហព័ន្ធដដែលបានគូសបញ្ជាក់ថា ជើងឯកយុវជននេះរៀបចំឡើងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ពិសេសយុវជន ក្នុងន័យស្វែងរកធនធានបន្ដវេន ស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ឯកឧត្តមបានកោតសរសើរចំពោះបច្ចេកទេស និងវិន័យរបស់កីឡាករ-កីឡាការិនីទាំងអស់ដែលធ្វើបានយ៉ាងល្អក្នុងការប្រកួត។
ដោយឡែកលោក ឈរ រិទ្ធី ក៏បានសម្ដែងនូវមោទនភាព និងសេចក្ដីរីករាយដែលបានចូលរួមសហការរៀបចំការប្រកួតជើងឯកយុវជននេះ ហើយលោកប្ដេជ្ញានឹងបន្ដការគាំទ្រជាថែមទៀត ទាំងកីឡាវ៉ូវីណាម និងកីឡាផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ គួរដឹងថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកយុវជនគិរីសួគ៌ឆ្នាំ២០២៣ គឺមានកីឡាករ-កីឡាការិនីចូលរួម ៥២នាក់មកពី ១១សមាគម/ក្លិបដែលប្រកួតលើក ១០វិញ្ញាសា។ ជាលទ្ធផលក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៧គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១ ខណៈក្លិបវ៉ូវីណាមសែនសុខឈរលេខ២ ឈ្នះមេដាយមាស ៣ និងសំរឹទ្ធ ២ គ្រាដែលក្លិបក្រសួងការពារជាតិឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២គ្រឿង៕ អត្ថបទ៖ លី ឈុនឡា

