ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅតាមក្រសួង ស្ថាប័ន និងតាមរាជធានី-ខេត្ត បានចេញញត្តិដាច់ដោយឡែកពីគ្នា គាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោស យ៉ាងដាច់អហង្ការចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។
យោងតាមញ្ញត្តិរបស់ក្រសួង ស្ថាប័ន និងតាមរាជធានី-ខេត្ត ដែលBTV ទទួលបាន បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លៃថ្នូរ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចស្របទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
ញ្ញត្តិទាំងនោះ បានបញ្ជាក់បន្ថែមថា «ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺជាការប្រមាថ កាតទាន និងចោទប្រកាន់ទាំងបំពាន ខុសពីការពិត ទៅលើគណបក្សប្រជាជនកម្ពុជា ដែលមិនអាចទទួលយកបានឡើយ និងបានសំណូមពរឱ្យមានវិធានការច្បាប់ចំពោះគណបក្សភ្លើងទៀន និងគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ។
សេចក្តីថ្លែងការណ៍ទាំងនោះ បានបញ្ជាក់ទៀតថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មានចរិតបំផ្លើសផ្ទុយពីការពិត មានចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត មួលបង្កាច់ផ្ទុយពីសច្ចភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ សម្តេចនឹងមិនមានការលើកលែង ឬអត់ឱន ដល់អ្នក ដែលជេរប្រមាថគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលឡើយ និងបានផ្ដាំផ្ញើដល់បរទេសកុំឱ្យលូកដៃ ចូលក្នុងករណីនេះ ពីព្រោះប្រទេសកម្ពុជាជាប្រទេសឯករាជ្យ ។
នៅក្នុងញ្ញត្តិរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួង និងរាជធានី-ខេត្ត និងក្រុមមេ ធាវី របស់រាជរដ្ឋាភិបាល ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសជូនគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងញ្ញត្តិក៏បានប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមការពារសន្តិ ភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕អត្ថបទ៖ បាន ចក់
