បាល់ទាត់៖ អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា ប្រធានក្លិបលោក Stan Kroenke បានសុំទោសលោក បន្ទាប់ពី Arsenal សំរេចដកខ្លួនចេញពី European Super League។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយទៀតថា អ្នកគាំទ្របានបង្ហាញការរិះគន់ធ្ងន់ និងផ្ញើសារមកកាន់ក្លិបពីការមិនពេញចិត្តដែល Arsenal ចូលរួមជាមួយ ESL នេះ។
Mikel Arteta បន្តថា លោកបានជួបនិយាយជាមួយប្រធានក្លិប Stan Kroenke ដែរថាការចូលរួមជាមួយ European Super League នឹងមានលទ្ធផលមិនល្អ ហើយវានឹងជាកំហុសដ៏ធំមួយ។ Arsenal ជាក្លិបមួយក្នុងចំណោម ១២ ដែលជាសមាជិកនៃ European Super League មុនពេលដែលក្លិបទាំង ៦ របស់អង់គ្លេសបានសំរេចដកខ្លួនវិញកាលពីថ្ងៃអង្គារ និងបានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្រជាសាធារណៈផងដែរ។ មិនមែនតែ Arsenal មួយទៀតក្លិបអង់គ្លេស ៥ផ្សេងទៀតក៏ដូចជាក្លិបអ៊ីតាលី AC Milan និង Inter Milan សុទ្ធតែបានចេញមុខសុំទោសអ្នកគាំទ្រចំពោះកំហុសនៃការចូលរួម European Super League៕
អត្ថបទ៖នាង សុភាវុធ