ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងមានការសហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងមានការចូលពីមន្ទីរជំនាញ និងអាជ្ញាធរទាំង០៨ក្រុង-ស្រុក បានបើកយុទ្ធនាការគោយន្តមានភ្លើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងចែកភ្លើងបំភ្លឺទៅដល់អាជ្ញាធរទាំង០៨ក្រុង-ស្រុក ក្នុងខេត្តព្រះវិហារ ។ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។
នាឱកាសនោះឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា យុទ្ធនាការគោយន្តមានភ្លើង ដែលបានប្រារព្ធធ្វើឡើងនាពេលនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារគោយន្តដែលបើកបរលើដងផ្លូវ ដោយគ្មានភ្លើងបំភ្លឺចរាចរណ៍។ យុទ្ធនាការនាពេលនេះ ជាយុទ្ធការផ្សព្វផ្សាយ និងអប់រំទៅដល់បងប្អូនដើម្បីចូលរួមអនុវត្តន៍អោយបានគ្រប់ៗគ្នា ដែលមានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃបើកយុទ្ធការនេះតទៅ។ ក្នុងដំណាក់កាលទី២ បើសិនបងប្អូនមិនព្រមដាក់ភ្លើងបំភ្លឺចរាចរណ៍នោះទេ មន្រ្តីអនុវត្តន៍ចរាចរណ៍ ក៏ដូចជា អាជ្ញាធរមានសម្ថតកិច្ចធ្វើការឃាត់គោយន្តរក្សាទុកនៅពេលដែលបងប្អូនធ្វើចរាចរណ៍ នៅតាមដងផ្លូវ រហូតដល់គោយន្តមានភ្លើងបំភ្លឺចរាចរណ៍ ទើបអនុញ្ញាតអោយចរាចរណ៍បាន។
ឯកឧត្តមបន្តថា ក្នុងយុទ្ធការដំណាក់កាលទី១នេះ ឯកឧត្តមបានទទួលថវិកា ដើម្បីទិញ ភ្លើងបំភ្លឺគោយន្តពីការរៃអង្គាសគ្នារបស់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដោយក្នុង១ក្រុង-ស្រុក ទទួលបាន១០០គោយន្ត ហើយក្នុង១គោយន្តមានភ្លើងបំភ្លឺចំនួន៤ សរុបអស់ ភ្លើងបំភ្លឺចំនួន២៤០០ភ្លើងអំពូល។
ទន្ទឹមនេះឯកឧត្តម ក៏បានផ្ដាំផ្ញើទៅដល់ សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវសហការ គ្នាជាមួយអាជ្ញាធរក្រុង-ស្រុក អធិការស្រុក ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការបំពាក់ជូនបងប្អូន ប្រជាពលរដ្ឋ ដែលពួកគាត់មានគោយន្តបើកបរតាមដងផ្លូវ ក៏ដូចជាបងប្អូនមកបំពាក់នៅ ទីតាំងណាមួយ ពិសេសនៅតាមសាលាឃុំសង្កាត់។ ហើយអាជ្ញាធរត្រូវផ្ដល់ របាយការណ៍អំពី សកម្មភាពរបស់ក្រុមការងារស្ដីពីសកម្មភាព ចុះអនុវត្តន៍យុទ្ធការបំពាក់ ភ្លើងបំភ្លឺគោយន្តមករដ្ឋ បាលខេត្ត ដើម្បីធ្វើការបូកសរុបលទ្ធផល។
តាមរបាយការណ៍របស់អាជាធរក្រុង-ស្រុងទាំង៨ មានគោយន្តសរុប ២០,០០០គ្រឿង ហើយក្នុងដំណាក់កាលទី២ ឯកឧត្តមនឹងទិញភ្លើងបំភ្លឺបន្ថែមទៀត ដើម្បីផ្ដល់ជូនបងប្អូន ក្នុង១ក្រុង-ស្រុក នឹងទទួលបាន ១០០០គោយន្ត ៕











