ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅក្នុងប្រទេសកម្ពុជា។
ពិធីនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមអគ្គនាយក, ឯកឧត្តម លោកជំទាវអភិបាលរាជធានី ខេត្ត, តំណាងស្ថានទូត ស្ថានតំណាងប្រទេសនានា ប្រចាំកម្ពុជា, តំណាងអង្គការអន្តរជាតិ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, តំណាងសហជីពផងដែរ ។
សម្ដេចក្រឡាហោមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័ននានា ជាពិសេសអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការបានល្អក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសដោយមានការគាំទ្រការចូលរួមពីកម្មករនិយោជិតបរទេស និងម្ចាស់រោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្មនានា។
សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានារក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលជាការបង្កលក្ខណៈអំណោយផលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញការវិនិយោគទាំងនៅក្នុងប្រទេស និងពីបរទេស។
សម្ដេចបញ្ជាក់ថា ក្នុងពេលដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា កំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយវិបត្តិបណ្តាលមកពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើសល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោតពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ក្រោមរូបភាពផ្តល់ប្រាក់ឈ្នួលពលកម្មក្នុងតម្លៃខ្ពស់ជាដើម។
សម្ដេចបញ្ជាក់ថា ប្រឈមមុខចំពោះសភាពការណ៍នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសបុករបស់សម្ដេច ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា





