ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២ មកទល់ពាក់កណ្តាលខែមករា ឆ្នាំ២០២៣នេះ កងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ ករណី ក្នុងនោះ មានជនបរទេសចំនួន ១ ០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើសចំនួន ៥ ក្រុមហ៊ុនព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ៤ ក្រុមហ៊ុន។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។
សម្ដេច បានបន្តថា ឆ្លងតាមប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស កងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានរកឃើញជនបរទេសមួយចំនួន ត្រូវបានមេខ្យល់ មេខ្លោងនៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការខុសច្បាប់ នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ។
បើតាមសម្ដេចក្រឡាហោម ស ខេង ដោយពិនិត្យឃើញភាពស្មុគស្មាញនៃល្បែងភ្នាល់អនឡាញខុសច្បាប់ និងការប្រើប្រាស់ពលកម្មបរទេសមិនស្របច្បាប់នៅតាមទីតាំងទាំងនោះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវយន្តការ ២ទៀត ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្សជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។
ក្នុងនោះបានបង្កើតនូវក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណៈកម្មការអន្តរក្រសួងជំរុញនិងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលដឹកនាំដោយ ឯកឧត្តម នៅ លក្ខណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបជាបន្ទាន់ តាមវិធានការបោសសម្អាតបទល្មើសយ៉ាងមានប្រសិទ្ធភាពនោះគឺ «ផែនការប្រតិបត្តិ ការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធ» តាមសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងបង្កើតក្រុមការងារប្រតិបត្តិការដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ និងបើកយុទ្ធនាការនៅទូទាំងប្រទេស រុករកបទល្មើស បណ្តាញជនល្មើស និងសង្គ្រោះជនរងគ្រោះ នៅតាមទីតាំងដែលមានការសង្ស័យយ៉ាងសកម្ម៕





