ភ្នំពេញ៖ ចាស់ព្រឹទ្ធាចារ្យប្រចាំនៅទីតាំងព្រះអង្គព្រះចៅ ជាទីមានភាពល្បីល្បាញសម្រាប់ពិធីកាត់ឆុង បានបញ្ជាក់ប្រាប់ថា ការកាត់ឆុងគឺជាជំនឿតែប៉ុណ្ណោះ។ លោក បន្តថា ក្រោយការកាត់ឆុង គឺបុគ្គលនោះត្រូវតែបន្តការប្រុងប្រយ័ត្ន ទើបអាចចៀសផុតគ្រោះថ្នាក់បាន។
ជាទូទៅប្រជាពលរដ្ឋទាំងខ្មែរកាត់ចិន ទាំងប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿតែងទៅទីតាំងព្រះអង្គព្រះចៅ នៅវត្តភ្នំ ដើម្បីកាត់ឆុងនៅពេលដែលឆ្នាំកំណើតរបស់ពួកគេ ឆុងជាមួយឆ្នាំទេវតាឆ្នាំថ្មី។
ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ មកទល់មុនពិធីបុណ្យចូលឆ្នាំចិនមួយថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរកាត់ចិន ប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿ បាននាំយកក្រដាសលាភជ័យ ពងទា សាច់ជ្រូក ផ្លែឈើដង្វាយ ដើម្បីសុំឱ្យចាស់ព្រឹទ្ធាចារ្យនៅទីតាំងព្រះអង្គព្រះចៅ ជួយរៀបចំពិធីកាត់ឆុងរំដោះគ្រោះឱ្យខ្លួន។
ជុំវិញពិធីកាត់ឆុងនេះ លោក ប្រាក់ សំណាង ព្រឹទ្ធាចារ្យមួយរូបប្រចាំការនៅទីតាំងព្រះអង្គព្រះចៅ បញ្ជាក់ថា ការកាត់ឆុងគ្រាន់តែជាជំនឿប៉ុណ្ណោះ។ អ្នកជឿគេមកកាត់ឆុង អ្នកមិនជឿក៏គេដែលរៀបចំពិធីនេះដែរ។ លោក បន្តថា ចំពោះអ្នកកាត់ឆុង ទោះបីជារៀបចំពិធីរួចរាល់ ក៏ទាមទារឱ្យបុគ្គលនោះត្រូវតែប្រុងប្រយ័ត្នការពារជាដាច់ខាតផងដែរ។
ជាក់ស្ដែងប្រជាពលរដ្ឋទៅធ្វើពិធីកាត់ឆុងនៅថ្ងៃនេះ គឺមានគ្រប់ចម្រុះក្រុមអាយុ។ កាន់តែភ្ញាក់ផ្អើលជាងនោះ គឺមានទាំងជនជាតិខ្មែរដែលទើបមកពីប្រទេស កាណាដា ក៏មានជំនឿលើរឿងនេះផងដែរ។
ផ្អែកលើ ក្បួនតម្រាដែលបានបិទបង្ហាញនៅទីតាំងព្រះអង្គព្រះចៅ ពេលវេលាត្រឹមត្រូវ សម្រាប់ការកាត់ឆុង សែនខ្លាឆ្នាំថ្មី ដើម្បីរំដោះគ្រោះគឺចាប់ពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២៕ អត្ថបទ៖ គឹមហុក