កូរ៉េខាងត្បូង៖ ក្រុមអ្នកពន្លត់អគ្គិភ័យរបស់កូរ៉េខាងត្បូងបានព្យាយាមពន្លត់ភ្លើង ដែលបានឆាបឆេះនៅក្នុងទីប្រជុំជនមួយដែលមានផ្ទះតូចៗក្នុងទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ ដោយអាជ្ញាធរបានជម្លៀសមនុស្សចេញប្រមាណ ៥០០នាក់។

អគ្គិភ័យបានឆាបឆេះនៅម៉ោង ៦:២៧នាទីព្រឹកម៉ោងក្នុងតំបន់នៅក្នុងភូមិ Guryong ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលជាតំបន់មានផ្ទះប្រជាជនជាង ៦០០គ្រួសារ។ រហូតមកដល់ពេលនេះផ្ទះប្រមាណ ៤០ខ្នងត្រូវបានបំផ្លាញ ហើយមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ពួកគេបានបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ១៤០នាក់ដើម្បីពន្លត់ភ្លើង។ វីដេអូដែលផ្តល់ដោយទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិរបស់កូរ៉េខាងត្បូង បានបង្ហាញផ្សែងហុយក្រាស់ខ្មួលខ្មាញ់ចេញពីភូមិ ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់អណ្តាតភ្លើងដ៏ខ្លាំង ដែលកំពុងឆេះផ្ទះតូចៗសង់ជាប់ៗគ្នា។
អ្នកនាំពាក្យលោក Kim Eun-hye បាននិយាយថា ប្រធានាធិបតីលោក Yoon Suk Yeol បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខូចខាត និងដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យ និងឧបករណ៍ទាំងអស់ដែលមាន៕
អត្ថបទ៖ ប៊ុនថន