វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ២ ពិភពលោក Rafael Nadal នឹងត្រូវខកខានការប្រកួតនានាយ៉ាងហោចណាស់ ៦ ទៅ ៨សប្តាហ៍បន្ទាប់ពីទទួលរងរបួសត្រគាកអំឡុងបរាជ័យជុំទី២ Australian Open កាលពីថ្ងៃយប់ថ្ងៃពុធ។
ការការពារតំណែងជើងឯករបស់កីឡាករវាយកូនបាល់អេស្ប៉ាញរូបនេះ បានបញ្ចប់ដោយខកបំណងក្រោមស្នាដៃកីឡាករអាមេរិក Mackenzie McDonald ដោយលទ្ធផល ៦-៤ ៦-៤ និង ៧-៥។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានទទួលការពិនិត្យ MRI ស្កេនផ្នែកជើងឆ្វេងទាំងស្រុងរបស់ខ្លួន និងបានបង្ហាញថា របួសត្រគាករបស់គេឈានដល់កម្រិតទី២។
ម្ចាស់ជើងឯក Grand Slam ២២លើករូបនេះបានមកដល់ទឹកដីអូស្ត្រាលីរកបានជ័យជំនះនៅជុំដំបូង និងជាជ័យជំនះលើកដំបូងផងដែរតាំងពី US Open កាលពីខែសីហាឆ្នាំមុន និងបានសម្រាកជាបន្តបន្ទាប់ដោយសាររបួសញាំញី។ រយៈពេលសម្រាក ៦-៨សប្តាហ៍នេះមានន័យថា Rafael Nadal អាចនឹងវិលមកកាន់ទីលានប្រកួតវិញមុនរដូវកាលវាយកូនបាល់លើដីក្រហម និងអាចត្រៀមខ្លួនផងដែរសម្រាប់ការការពារតំណែងជើងឯក French Open របស់ខ្លួនដែលនឹងចាប់ផ្តើមនៅខែឧសភា៕
អត្ថបទ៖នាង សុភាវុធ