ភ្នំពេញ៖ កម្ពុជា ទីម័រ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និតបន្ថែមទៀតក្នុងគ្រប់វេទិកាទាំងអស់ ស្របពេលដែលកម្ពុជា បានបង្ហាញការគាំទ្ររបស់កម្ពុជា ក្នុងដំណើរការចរចានានា ដើម្បីជំរុញឲ្យប្រទេសទីម័រឡេស្ដេ អាចចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WHO)បានក្នុងឆ្នាំ២០២៣នេះ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។
ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការចំពោះការចូលជាសមាជិករបស់ប្រទេសទីម័រ ក្នុងអាស៊ាន ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
ជាមួយនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុងដំណើរការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រផងដែរ។
បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានលើកឡើងវិញអំពីយោបល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ទីម័រ ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យស្រូវអង្ករ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរ ជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។
ជាកិច្ចឆ្លើយតប ឯកឧត្តមប្រធានាធិបតីទីម័រ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះទីម័រ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និតបន្ថែមទៀតក្នុងគ្រប់វេទិកាទាំងអស់៕អត្ថបទ៖ ឈិត បូរ៉ាវី
