ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ដបន្ដការងារឆ្នាំ២០២៣ របស់គណៈកម្មការការពារកុមារថ្នាក់ជាតិ ដើម្បីឆ្លុះបញ្ចាំងលើការអនុវត្តកិច្ចការពារកុមារ នៅសណ្ឋាគារស៊ីស្កេបផាលេស ក្រុងព្រះស៊ីហនុ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងឱកាសបិទកិច្ចប្រជុំលោកជំទាវ សម្បត្ដិ សុគន្ធា អគ្គលេខារង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាននិយាយថា គណៈកម្មការការពារកុមារថ្នាក់ជាតិ ពិនិត្យឃើញថា ការរីកចម្រើនខាងបច្ចេកវិទ្យាបានបណ្តាលឱ្យកុមារងាយប្រឈមនឹងគ្រោះថ្នាក់ពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត អគ្គលេខាធិ ការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើការសិក្សាស្រាវជ្រាវការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា (OCSE TWG)។ “យើងបានរួមសហការគ្នាធ្វើផែនការ និងអនុវត្ដផែនការបានទទួលជោគជ័យ ហើយត្រូវបានអង្គការសហប្រជាជាតិ វាយតម្លៃថា កម្ពុជា មានការរីកចំរើនខ្លាំងក្នុងកិច្ចគាំពារកុមារ ដែលយើងបានទៅការពាររបាយការណ៍ ស្ដីពីការអនុវត្ដសិទ្ធិកុមារនៅអង្គការសហប្រជាជាតិ កាលពីខែឧសភា ឆ្នាំ២០២២”។
ជាមួយគ្នានោះ លោកស្រី កែវ គៀង នាយិការប្រតិបត្ដិអង្គការ ហាហ្គា បានលើកឡើងថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា។
ការបង្កើតគណៈកម្មការការពារកុមារថ្នាក់ជាតិ ដើម្បីសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងគោលបំណងពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងលុបបំបាត់រាល់ទម្រង់នៃការរំលោភបំពានផ្សេងៗ និងអំពើហិង្សាលើកុមារ សំដៅបម្រើឧត្តមប្រយោជន៍កុមារ។
លោកស្រី រ័ត្ន ច័ន្ទផល្គុន នាយិកាអង្គការលោកតាប៉ាង បានឱ្យដឹងថា អង្គការ បាននិងកំពុងធ្វើការងារជាមួយកុមារ យុវជនងាយរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេនៅក្នុងខេត្តព្រះសីហនុ ផ្តល់ឱកាសដល់ពួកគេនូវជម្រើសជាវិជ្ជមាន និងការគោរពសិទ្ធិដោយគ្មានការរើសអើង ដែលមានកុមារជាង ៦០០នាក់។
អង្គការបានធ្វើការងារ រួមមាន ១.កម្មវិធីសហគមន៍តាមមូលដ្ឋាន ២.កម្មវិធីបញ្ជូនកុមារចូលសាលារៀន ៣.កម្មវិធីសុខភាព ៤.កម្មវិធីការពារសិទ្ធិកុមារ និងទូរស័ព្ទបន្ទាន់សម្រាប់កុមារបំរើការងារ ២៤ម៉ោង ៥.កម្មវិធីចលនាសុវត្ថិភាពកុមារ ៦.កម្មវិធីកាត់បន្ថយគ្រោះថ្នាក់ គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ (មណ្ឌលបន្សាបគ្រឿងញៀន គ្រឿងស្រវឹង) ៧.កម្មវិធីអប់រំ សិល្បៈ កីឡា និងថែទាំពេលថ្ងៃ ៨.កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (ភោជនីយដ្ឋានបណ្តុះបណ្តាល "សណ្តាន់" ជួសជុលកង់ ម៉ូតូ អគ្គិសនី និងផលិតផលតាមផ្ទះ) ៩.កម្មវិធីអនាគត ការងារ និងមុខរបរ ១០.កម្មវិធីអប់រំសហគមន៍ និងផ្ទះថែទាំទារក ១១.កម្មវិធីកុមារពិសេស ១២.កម្មវិធីថែទាំជំនួស និងមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន៕ អត្ថបទ៖ គង់ ប៊ុនថា