សៀមរាប៖ ក្រុមសិក្ខាកាមដែលជាមន្រ្ដីជំនាញ សកម្មភាពមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន បានចុះអនុវត្តផ្ទាល់លើការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីនការប្រើប្រាស់ ឧបករណ៍រាវមីន នៅក្នុងខេត្តបាត់ដំបង និងបានទៅធ្វើទស្សនកិច្ចនៅសារមន្ទីរសកម្មភាពមីន ក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់បន្ថែមអំពីការតាំងបង្ហាញទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអង្គភាពស៊ីម៉ាក់ បានមានប្រសសាន៍ប្រាប់ BTV ឱ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រុមសិក្ខាកាមអ៊ុយក្រែន បានអញ្ជើញទៅទស្សនកិច្ច សារមន្ទីរសន្តិភាពសកម្មភាពមីន ខេត្តសៀមរាប ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហាគ្រាប់មីនសង្គ្រាម និងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងសកម្មភាពកំចាត់មីន ពិសេសការលើកកម្ពស់ការកសាងសន្តិភាព បន្ទាប់ពីសង្គ្រាមបានបញ្ចប់ជាង ២០ ឆ្នាំមកនេះ។
ឯឧត្ដមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានហ្វឹកហ្វឺនក្រុមសិក្ខសាកាមអ៊ុយក្រែន ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមករានេះទាក់ទងនឹងបច្ចេកទេសបោសសម្អាតមីន ដោយផ្ដោតលើការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ អាលីស (ALIS) ផលិតនៅប្រទេសជប៉ុន។
កាលពីថ្ងៃទី១៩ ខែមករានេះ ក្រុមសិក្ខាកាមបានទៅទស្សនកិច្ច ចម្ការមីន ស្ថិតនៅក្នុងខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីប្រតិបត្តិការបោសសម្អាតមីនដោយប្រើប្រាស់ កម្លាំងដោះមីន ដូចជា កម្លាំងម៉ាស៊ីន កម្លាំងសុនក និងការដោះមីនដោយដៃជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា