ភ្នំពេញ ៖ សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ នេះបើតាមហ្វេសប៊ុករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា។
ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រីដដែលបន្តថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន… ដើម្បីចៀសវាងកុំឱ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុ ងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២៣ នេះតទៅ៕
ដោយ៖ គង់ ឌិន