កោះកុង៖ លោកអធិការនគរបាលស្រុកស្រែអំបិលខេត្តកោះកុង បានចាត់កម្លាំងប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោងត្រៀមការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពន្លាត់អគ្គិភ័យអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។
លោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិលបានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ថា តបតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកបានដាក់ផែនការចាត់ចែងកម្លាំងទៅតាមគោលដៅ ដើម្បីថែរក្សាសុវត្ថិភាពជូនពលរដ្ឋ និងអ្នកទេសចរ ក្នុងន័យបង្ក្រាប ឬទប់ស្កាត់បទល្មើសផ្សេងៗបានទាន់ពេលវេលា ស្ថិតនៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន។ លោកអធិការនគរបាលស្រុកស្រែអំបិលបន្ថែមថា អ្វីដែលលោកចង់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាងគេនោះ គឺគ្រោះអគ្គិភ័យដែលអាចកើតឡើងតាមខ្នងផ្ទះនីមួយៗ អំឡុងពេលពិធីបុណ្យចូលឆ្នាំចិនវៀតណាម។ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន និងទប់ស្កាត់។
ទាក់ទិនបញ្ហានេះប្រជាពលរដ្ឋ និងប្រតិបត្តិករសេវាទេសចរណ៍ក្នុងស្រុកស្រែអំបិល បានគាំទ្រចំពោះផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងសមត្ថកិច្ច ពិសេសការត្រៀមពន្លាត់អគ្គិភ័យតែម្តង។ ទាំងប្រជាពលរដ្ឋ និងអាជីវករសុទ្ធតែបានអះអាងថា នឹងចូលរួមគោរពអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាក្នុងឱកាសសប្បាយរីករាយពិធីបុណ្យចូលឆ្នាំចិនវៀតណាមនេះ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ធ្លាប់បានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋពីវិធានការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុ។ ដោយហាមដុតផាវ កាំជ្រួចគ្រប់ប្រភេទដែលជាប្រភពនៃអគ្គិភ័យ ឬរំខានដល់អ្នកដទៃ ព្រមទាំងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម៕
អត្ថបទ៖ ឈឹម មករា