ចិន៖ មន្ទីរពេទ្យនៅទីក្រុងប៉េកាំងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ និងផ្តល់សេវាកាន់តែប្រសើរដល់អ្នកជំងឺ COVID-19។

នៅក្នុងមន្ទីរពេទ្យ BTCH ក្នុងទីក្រុងប៉េកាំង បុគ្គលិកពេទ្យកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីព្យាបាលអ្នកជំងឺនៅក្នុងគ្លីនិកគ្រុនក្តៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកជំងឺផ្លូវដង្ហើម។ ដើម្បីដោះស្រាយការកើនឡើងករណីឆ្លង មន្ទីរពេទ្យបានបន្ថែមគ្រែសម្រាប់អ្នកជំងឺ ដែលបានបង្កើនបន្ទុកការងាររបស់បុគ្គលិកពេទ្យយ៉ាងច្រើន។ លោក ដុង ជែហុង (Dong Jiahong) ប្រធានមន្ទីរពេទ្យបាននិយាយថា យើងបានពង្រីកបន្ទប់សង្គ្រោះបន្ទាន់ដែលមានទំហំធំជាងមុន ដើម្បីផ្ទុកអ្នកជំងឺ COVID-19 អ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ និងអ្នកជំងឺធ្ងន់ធ្ងរបន្ថែមទៀត។ យោងតាមលោកប្រធានមន្ទីរពេទ្យបានឲ្យដឹងថា បុគ្គលិកពេទ្យមានបន្ទុកការងាររបស់ពួកគេដែលបានកើនឡើងពី ២ ទៅ ៣ដងចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំមុន។
លោក ស៊ី ហ្សីជី (Xie Zhiyi) ប្រធាននាយកដ្ឋានគ្រប់គ្រងមន្ទីរពេទ្យបាននិយាយថា បុគ្គលិកពេទ្យជាង ១,០០០នាក់ និងជំនួយការពេទ្យរាប់រយនាក់មិនបានព្រងើយកន្តើយឡើយ យើងកំពុងធ្វើការអស់ពីសមត្ថភាព ព្រោះនេះជាកិច្ចការ និងបេសកកម្មរបស់យើង។ ដើម្បីព្យាបាលអ្នកជំងឺដែលរស់នៅក្នុងសហគមន៍ មន្ទីរពេទ្យក៏បានធ្វើការជាមួយមណ្ឌលសុខភាពសហគមន៍ ដែលអាចឱ្យគ្រូពេទ្យគ្រួសារអាចផ្តល់សេវាដល់លំនៅឋានដល់ប្រជាពលរដ្ឋ។ ក្នុងរយៈពេលពីរខែចុងក្រោយនេះ គ្រូពេទ្យគ្រួសារបានផ្តល់សេវាថែទាំតាមលំនៅឋានដល់អ្នកជំងឺ COVID-19 ជាង ៨,៣០០នាក់៕
អត្ថបទ៖ ប៊ុនថន