កណ្តាល៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នេះដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម បណ្តាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន វៀតណាម នៅតាមផ្ទះ តាមហាង និងតាមមូលដ្ឋានអាជីវកម្មនានា គឺបានរៀបចំពិធីសែនចិនចូលឆ្នាំចិនទៅតាមទំនៀមទម្លាប់ជីដូនជីតា ដើម្បីនាំលាភសំណាង មានការងារល្អជូនក្រុមគ្រួសារសាច់ញាតិបងប្អូនរបស់គេ។
បើតាមបណ្តាពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាលបានថ្លែងប្រាប់ BTV ថា នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនថ្ងៃទី១ នេះ នៅពេលព្រឹកយើងរៀបចំតុបតែងផ្ទះ រៀបចំទីតាំង ម្ហូបអាហារផ្លែឈើ ធ្វើពិធីសែនចូលឆ្នាំចិនទៅតាមទំនៀមទម្លាប់ជីដូនជីតារបស់គេទៅតាមលំដាប់ ហើយនៅពេលល្ងាចរៀបចំជួបជុំគ្រួសារ សាច់ញាតិជិតឆ្ងាយជូនពរគ្នាទៅវិញទៅមក និងពិសាអាហារជុំគ្នា។ សូមបញ្ជាក់ថា ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀតដែលពលរដ្ឋកាត់សែចិននិយមធ្វើនៅថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ចំណីអាហារដល់គ្នាទៅវិញទៅមក ជូនពរគ្នាទៅវិញឲ្យមានលាភហូរចូលគ្រួសាររបស់ពួកគេកាន់តែច្រើនដូចគ្នា។
យ៉ាងណាក៏ដោយក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ អាជ្ញាធរមូលដ្ឋានក៏បានអំពាវនាវពលរដ្ឋកាត់សែចិន វៀតណាម ដែលធ្វើរៀបចំពិធីសែនតាមផ្ទះ តាមហាង តាមមូលដ្ឋានអាជីវកម្មនានាត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះបញ្ហាការអុជភ្លើង ធូប ទៀន និងការដុតក្រដាសសែន ភ្លើងចង្ក្រាន និងចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ៕
អត្ថបទ៖ ស៊ុម សុខជា