ស្វាយរៀង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពេលចុះពិនិត្យការងារជីកស្ដារប្រឡាយរំដោះទឹកនៅជុំវិញផ្ទះអតីតយុទ្ធជន ៤០០ខ្នងក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងថ្ងៃទី២១ មករា ឆ្នាំ២០២៣ នេះបានណែនាំដល់ក្រុមការងារជីកស្ដារប្រឡាយរំដោះទឹកត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមប្លង់គោល ដើម្បីធានាដល់ការរំដោះទឹក និងសំណល់រាវ។
ឯកឧត្តមបានបញ្ជាក់ថា គោលនយោបាយលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជនគ្រួសារ អតីតយុទ្ធជនត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ពិសេសជម្រកស្នាក់នៅ ក្នុងនោះខេត្តស្វាយរៀងត្រូវបានរាជរដ្ឋាភិបាលផ្ដល់ផ្ទះចំនួន ៤០០ខ្នងសម្រាប់អតីតយុវជន គ្រួសារអតីតយុទ្ធជន និងគ្រួសារមានគុណបំណាច់ចំពោះប្រទេសជាតិ ក្នុងនោះរដ្ឋបាលខេត្តរួម និងមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ក្រុងបានចូលរួមឧបត្ថម្ភបន្ថែមលើស្បៀងអាហារ ពូជដំណាំ ពូជសត្វ ដើម្បីធ្វើការដាំដុះ និងចិញ្ចឹម សំដៅកែលំអបន្ថែមលើរបបដែលរាជរដ្ឋាភិបាលឧបត្ថម្ភ ជាក់ស្ដែងថ្ងៃនេះក្នុងនាមរូបខ្ញុំផ្ទាល់ ក្រុមគ្រួសារ និងសហការីបានផ្ដល់ថវិកាចំនួន ១ម៉ឺន ៧ពាន់ដុល្លារសម្រាប់ជីកស្តារប្រឡាយរំដោះទឹកចេញពីភូមិជាសក្ខីភាព។
អតីតព្រិន្ទបាលឯក ម៉ី ស៊ឿន និងលោក ព្រំ សាវី យុទ្ធជនពិការបានមានចំណាប់អារម្មណ៍ដោយសំដែងនូវការសប្បាយរីករាយ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ទីជម្រកស្នាក់នៅ ពិសេសថ្ងៃនេះតាមរយៈឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដល់ថវិកាជួយជីស្តារប្រឡាយរំដោះទឹកចេញពីភូមិ ខណៈដែលនៅរដូវវស្សាក្នុងភូមិទាំងមូល បានរងប៉ះពាល់ជំនន់ទឹកភ្លៀងធ្វើឲ្យភោគផលដំណាំខូចខាត ពិសេសប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ ផ្ទះសំបែង និងកន្លែងស្នាក់នៅផងដែរ។ សូមបញ្ជាក់ថា ប្រព័ន្ធរំដោះទឹកដែលក្រុមការងារកំពុកជីកស្ដារនេះ គឺជាការឆ្លើយតបរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីត និងយុវនីតិសម្បទា ចំពោះតំណាងគ្រួសារអតីតយុទ្ធជនបានស្នើសុំ នៅក្នុងពិធីចែកអំណោយដល់អតីតយុទ្ធជនដែលរស់នៅក្នុងភូមិជីកដីតំបន់ផ្ទះ ៤០០ខ្នងកាលពីកាលពីប៉ុន្មានខែមុននេះ៕ អត្ថបទ៖ ភា សារិទ្ធ