ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី ២៣ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នៅថ្ងៃ២៥មករានេះ កម្ពុជានឹងបើកយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃការទទួលធ្វើម្ចាស់ផ្ទះ ដើម្បីប្រកួតស៊ីហ្គេមលើកទី៣២។
សម្ដេចបញ្ជាក់ថា ត្រូវធ្វើយុទ្ធនាការនេះឱ្យបានផុសផុលនៅទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះ កម្ពុជាបានរងចាំអស់ជាង ៦០ ឆ្នាំកន្លងមកហើយ។
ជាមួយការអរគុណដល់ជនរួមជាតិព្រះសង្ឃប្រជាពលរដ្ឋ ដែលបានគាំទ្រដល់ការខិតខំរបស់រាជរដ្ឋាភិបាល សម្ដេចបន្តថា ឆ្នាំ២០២៣នេះ យើងនឹងធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមដែលនឹងមានកីឡាករ កីឡាការិនីរាប់ពាន់នាក់ អញ្ជើញមកនៅទីក្រុងភ្នំពេញសម្រាប់ការប្រកួតរាប់ទាំងសម្រាប់ស៊ីហ្គេម និងប៉ារ៉ាហ្គេម (កីឡាជនពិការ) គឺយើងត្រូវខិតខំធ្វើកិច្ចការងារនេះជាមួយនឹងការទទួលខុសត្រូវរបស់យើង។
សម្តេចបន្តថា យើងមិនគ្រាន់តែជាបញ្ហាសម្រាប់ការយកឈ្នះមេដាយទេគឺធ្វើជាម្ចាស់ផ្ទះឲ្យមានការទទួលខុសត្រូវ ផ្ដល់នូវការសប្បាយរីករាយសម្រាប់ពួកគេទាំងឡាយដែលមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ដូច្នេះសម្រាប់ថ្ងៃ២៥មករានេះ គឺធ្វើឲ្យមានចលនាជាតិមួយសម្រាប់ការរាប់ថយក្រោយដែលនៅថ្ងៃចុងក្រោយ ព្រះមហាក្សត្រព្រះអង្គនឹងយាងទៅអង្គរវត្តដើម្បីប្រទានភ្លើងកីឡាចេញពីអតីតរាជធានីអង្គរតែម្ដង។
សម្ដេចតេជោ បញ្ជាក់ថា សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានត្រៀមថវិកាជាង ១០០ លានដុល្លារអាម៉េរិក លើការរៀបចំការប្រកួតនេះ ខណៈការប្រកួតនេះ គឺជាមុខមាត់ និងកិត្តិយសធំធេងណាស់របស់កម្ពុជា។
សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣២ដែល កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនឹងប្រព្រឹត្តិទៅពីថ្ងៃ៥ ដល់ថ្ងៃ១៧ ខែឧសភាឆ្នាំ២០២៣៕
