ហែលទឹក៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួត ៣ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈមន្ដ្រីជំនាញសហព័ន្ធបានមើលឃើញកីឡាករ-កីឡាការិនីចូលរួមភាគច្រើនកើនសមត្ថភាពគួរឲ្យកត់សម្គាល់ និងមានមួយចំនួននៅមានកម្រិត។
ការប្រកួតនៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិនេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ១០៣នាក់មកពី ៨ក្លិប និងប្រកួតលើ ២០វិញ្ញាសា។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមវត្តមានឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរ។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះបានដំណើរការដោយរលូន ហើយអ្វីដែលជាបញ្ហាប្រឈមគឺកីឡាករ-កីឡាការិនីតាមរាជធានី-ខេត្តដែលបានដាក់ពាក្យចូលរួមនៅមានចំនួនតិចនៅឡើយ។ យ៉ាងណាក្ដី ក្នុងនាមសហព័ន្ធលោកបានវាយតម្លៃខ្ពស់ ចំពោះកីឡាករ-កីឡាការិនីចូលរួម ដែលភាគច្រើនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានកីឡាករ-កីឡាការិនីមួយចំនួនបានបំបែកថិរៈវេលាចាស់របស់ខ្លួន។ លើសពីនេះ ពួកគេបានខិតខំប្រឹងអស់ពីលទ្ធភាពក្នុងការប្រកួតប្រជែង ដោយគោរពតាមបទបញ្ជាប្រកួតយ៉ាងត្រឹមត្រូវ។
ចំពោះលទ្ធផលបច្ចេកទេសនៃការប្រកួតប្រចាំឆ្នាំនេះ គឺក្លិបហែលទឹកក្រសួងសាធារណៈការ និងដឹកជញ្ជូនដណ្ដើមបានមេដាយច្រើនជាងគេសរុប ២០គ្រឿងរួមមានមេដាយមាស ៩ ប្រាក់ ៩ និងសំរឹទ្ធ ២។ ក្រសួងមហាផ្ទៃឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿងរួមមានមេដាយមាស ៨ និងសំរឹទ្ធ ២។ ក្លិបព្រឹទ្ធាចារ្យ ហែម ថុន ឈរលេខ៣ ឈ្នះមេដាយសរុប ១៣គ្រឿងរួមមានមេដាយមាស ២ ប្រាក់ ៥ និងសំរឹទ្ធ ៦ និងក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿងរួមមានមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៤៕
អត្ថបទ៖ លី ឈុនឡា