រុស្ស៊ី៖ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរូបរបស់លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអាទិត្យថា ការផ្ដល់អាវុធឲ្យទីក្រុង Kyiv ដែលគំរាមកំហែងដល់អធិបតេយ្យភាពរបស់រុស្ស៊ី នឹងនាំទៅរកមហន្តរាយសកល និងបង្កឲ្យផ្ទុះជម្លោះប្រឆាំងនឹងការប្រើប្រាស់អាវុធមហាប្រល័យ ដែលមិនអាចទទួលយកបាន។

លោក Vyacheslav Volodin ប្រធានសភារុស្ស៊ីបានព្រមានថា ការគាំទ្ររបស់សហរដ្ឋអាមេរិក និងលោកខាងលិចកំពុងដឹកនាំពិភពលោកឈានទៅរកសង្គ្រាមដ៏ធ្ងន់ធ្ងរ។ លោក Volodin បាននិយាយនៅលើបណ្ដាញ Telegram ថា ប្រសិនបើសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសមាជិកសម្ព័ន្ធណាតូផ្គត់ផ្គង់អាវុធ ដែលនឹងត្រូវប្រើដើម្បីវាយប្រហារលើទីក្រុងស៊ីវិលនានា និងមានបំណងដណ្ដើមយកទឹកដីរបស់យើង ដូចដែលពួកគេគំរាមមែននោះ នឹងនាំឲ្យមានវិធានការសងសឹកនានាដោយប្រើអាវុធកាន់តែមានឥទ្ធិពលបន្ថែមទៀត។
សម្ព័ន្ធមិត្តលោកខាងលិចបានប្ដេជ្ញាផ្ដល់ជំនួយអាវុធ មានតម្លៃរាប់ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែនកាលពីសប្ដាហ៍មុន ទោះបីជាពួកគេបានបរាជ័យយ៉ាងណាក្ដី ក្នុងការបញ្ចុះបញ្ចូលប្រទេសអាល្លឺម៉ង់ឲ្យដកសិទ្ធិវ៉េតូលើការផ្ដល់រថក្រោះប្រយុទ្ធលីអូផាត (Leopard) ផលិតដោយអាល្លឺម៉ង់ ដែលត្រូវបានគ្រប់គ្រងដោយប្រទេសជាសមាជិកណាតូ ប៉ុន្តែការផ្ទេរទៅអ៊ុយក្រែនទាមទារការយល់ព្រមពីទីក្រុងប៊ែរឡាំង៕
អត្ថបទ៖ សុខមាន