ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្ដេចមានមោទកភាពដែលបានអនុញ្ញាតឱ្យវិស័យឯកជន បានចូលរួមក្នុងវិស័យអប់រំរបស់កម្ពុជាលើការបណ្ដុះបណ្ដាលធនធនមនុស្សតាំងពីមុនពេលកម្ពុជា ចុះកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ១៩៩១ ទៅទៀត។
សម្ដេចតេជោ បានមានប្រសសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ ០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការផ្ដល់ឱកាសដល់វិស័យឯកជនចូលរួមក្នុងវិស័យអប់រំ គឺបានផ្ដល់ឱកាសដល់គ្រូបង្រៀនឱ្យមានលទ្ធភាពបង្រៀងគួរសម្រាប់សិស្ស ប៉ុន្ដែពេលនោះក៏បានស្នើឱ្យគ្រូលើកលែងដល់សិស្សដែលគ្មានសមត្ថភាពបង់ថ្លៃអាចរៀនគួរផងដែរ ដែលនេះគឺជាផ្នែកមួយនៃការអភិវឌ្ឍវិស័យអប់រំរបស់ប្រទេសកម្ពុជា។
សម្ដេចបញ្ជាក់ថា បើសិនជាកម្ពុជាមិនផ្ដល់ឱកាសដល់វិស័យអប់រំឯកជន ចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សទេ សិស្សដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សា (បាក់ឌុប) បច្ចុប្បន្ន ក្នុង ១ ឆ្នាំជិត ១០ ម៉ឺននាក់ តើពួកគេត្រូវទៅបន្តការសិក្សានៅឯណា? ខណៈគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋអាចទទួលសិស្សបានប្រមាណ ១ ម៉ឺននាក់ប៉ុណ្ណោះ។ ចំណុចនេះ គឺជាចំណុចដែលត្រូវរកវិធីដោះស្រាយបញ្ហា តាមរយៈការផ្ដល់ឱកាសដល់វិស័យឯកជនទទួលបាននូវការវិនិយោគលើវិស័យអប់រំនៅកម្ពុជា៕
