វាយកូនឃ្លីលើតុ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១០នាក់ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនផងដែរ ក្នុងចំណោមកីឡា ១២ប្រភេទនៅដើមខែសីហា ដើម្បីពង្រឹងសមត្ថភាពឆ្ពោះចូលរួមព្រឹត្តិការណ៍ SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមខែវិច្ឆិកាខាងមុខនេះ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍តាមសារអេឡិចត្រូនិចថា ក្រោយចូលរួមប្រជុំតាមរយៈអនឡាញដឹកនាំកិច្ចប្រជុំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ពាក់ព័ន្ធការត្រៀមលក្ខណៈធ្វើការហ្វឹកហាត់នៅប្រទេសចិនមាន ១២ប្រភេទកីឡានៅដើមខែសីហាខាងមុខនេះ សហព័ន្ធបានសម្រេចបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១០នាក់ក្នុងនោះមានគ្រូបង្វឹក ២រូបកីឡាករ ៥រូប និងកីឡាការិនីចំនួន ៣រូបផងដែរ។
លោកអគ្គលេខាធិការបានបន្តថា សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១០រូបខាងលើនេះមិនទាន់បានបញ្ចេញឈ្មោះនោះទេ ដោយយើងរង់ចាំការជ្រើសរើសពីគណៈកម្មបច្ចេកទេស គណៈប្រតិបត្តិ និងប្រធានសហព័ន្ធជាមុនសិន។ គូរបញ្ជាក់ផងដែលថា កាលពីលើកមុនខាងភាគីប្រទេសចិន បានអនុញ្ញាតឲ្យសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បញ្ជូនគ្រូបង្វឹក កីឡាករ និងកីឡាការនីចំនួន ១០នាក់ហ្វឹកហាត់នីទីនោះដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមខែវិច្ឆិកាខាងមុខនេះ៕
អត្ថបទ៖ គង់ ហួន