តេក្វាន់ដូ៖ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនៅក្នុងពហុកីឡដ្ឋានជាតិ ដោយក្លិបតេក្វាន់ដូ WT ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេ។
យោងតាមរបាយការណ៍ប្រកួតប្រចាំឆ្នាំនេះគឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ៨៣នាក់មកពី ១៥ក្លិប តំណាងរាជធានី-ខេត្តចំនួន ៣ ក្នុងនោះមានក្លិបនៅរាជធានីភ្នំពេញ ១៣ក្លិប, ខេត្តកំពង់ចាម ១ក្លិប និងខេត្តបាត់ដំបង ១ក្លិប ដែលធ្វើការប្រកួតលើ ១២វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេសនៃការប្រកួត គឺក្លិបក្រសួងមហាផ្ទៃដោយដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៥ និងប្រាក់ ១) គ្រាដែលអគ្គស្នងការដ្ឋាននគរបាលជាតិតាមពីក្រោយឈ្នះមេដាយសរុប ៦គ្រឿងដូចគ្នា តែមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១។ រីឯក្លិបមិត្តភាពឈ្នះមេដាយមាស ២ និងសំរឹទ្ធ ២ ឈរលេខ៣, ក្លិបពិភពថ្មីឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ១ និងក្លិប Mini Club ឈ្នះមេដាយមាស ១គ្រឿងផងដែរ។
ថ្លែងក្នុងពិធីបិទការប្រកួតលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ក៏ដូចជាគណៈកម្មការរៀបចំ។ លោកជំទាវបានជំរុញដល់កីឡាករ-កីឡាការិនីទាំងអ្នកទទួលបានជយលាភី និងពុំទទួលបានជយលាភីត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសក្រុមជម្រើសជាតិដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ លី ឈុនឡា