ស៊ីរី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្ស ១៦នាក់ស្លាប់នៅពេលដែលអគារលំនៅឋានមួយកន្លែងបានបាក់រលំនៅក្នុងទីក្រុង Aleppo ភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ ហើយក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្សដែលត្រូវបានគេជឿថា នៅតែមានកប់នៅក្រោមគំនរបាក់បែក។

មន្ត្រីរដ្ឋាភិបាលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋនិយាយថា អគារកម្ពស់ ៥ជាន់នៅក្នុងសង្កាត់ Sheikh Maksoud ក្នុងទីក្រុងធំទីពីររបស់ប្រទេសស៊ីរីបានបាក់រលំ ដោយសារតែការលេចទឹកដែលធ្វើឱ្យប៉ះពាល់ដល់គ្រឹះអគារ។ វាជាអគារមួយក្នុងចំណោមអគារជាច្រើនដែលបានបាក់រលំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅទីក្រុងAllepo ដែលបានទទួលរងពីការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ី និងស៊ីរី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម រហូតដល់ក្រុមនេះត្រូវបានបណ្តេញចេញកាលពី ៦ឆ្នាំមុន។
ប្រជាជននិយាយថា ពលរដ្ឋស៊ីរីជាច្រើននាក់ដែលភៀសខ្លួនបានចាកចេញ ក្នុងអំឡុងពេលជម្លោះយូរជាងមួយទសវត្សរ៍ទៅកាន់អគារដែលរងការបំផ្លាញ ខណៈពុំទាន់មានការស្ថាបនាឡើងវិញជាប្រព័ន្ធនៅតំបន់លំនៅឋាន ហើយសេវាកម្មរដ្ឋនៅមានតិចតួច។ ពលរដ្ឋនិយាយថា ការងារជួសជុលអគារដែលរងការបំផ្លាញដោយសង្គ្រាម មានករណីជាច្រើនដែលប្រជាជនក្នុងតំបន់បានធ្វើ និងចំណាយដោយខ្លួនឯង។ រដ្ឋាភិបាលបានបន្ទោសការងើបឡើងវិញយឺត និងការលំបាកពីសង្គ្រាម និងទណ្ឌកម្មប្រទេសលោកខាងលិច៕
អត្ថបទ៖ ប៊ុនថន