ភ្នំពេញ៖ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋបានប្ដេជ្ញានឹងនៅតែបន្តអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ បើទោះបីទទួលបានចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់រួចក្តី ។
ពលរដ្ឋមកចាក់វ៉ាក់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជាបន្តបន្ទាប់ ពិតជាមានសារ សំខាន់ ព្រោះអាចជួយបង្កើនអង់ទីគ័រក្នុងសារពាង្គកាយទប់នឹងការវាយលុកពីជំងឺកូវីដ-១៩ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងទប់ស្កាត់ជំងឺកូវីដ មិនឱ្យមានការរីករាលដាលសារឡើងវិញនៅក្នុងប្រទេសកម្ពុជា។
ពួកគេបានប្តេជ្ញាបន្តអនុវត្តវិធានសុខាភិបាល ៣កាពារ និង៣កុំ បើទោះបីចាក់វ៉ាក់សាំងដូស ជំរុញ រួចហើយក្តី ។
បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏ សំខាន់មួយ ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺកូវីដ-១៩ ។
សម្រាប់ប្រជាពលរដ្ឋ មិនទាន់ចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ គឺអាច ទៅទទួលការចាក់វ៉ាក់សាំងបាន នៅគ្រប់ទីតាំងសុខាភិបាលសាធារណៈឬទីតាំងចល័ត ដែលត្រូវបាន រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី២២ ខែមករា នេះ កំណើនអត្រាចាក់វ៉ាក់សាំង នៅក្នុងប្រទេស កម្ពុជា មានដូចជា ប្រជាជន អាយុពី១៨ឆ្នាំឡើង សម្រេចបាន១០៣,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ សម្រេចបាន១០១,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅជាង១លាននាក់។ កុមារ អាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ សម្រេចបាន ១១០,៥៥ % ធៀបជាមួយនឹងប្រជាជនគោលដៅជាង១លាននាក់។ កុមារ អាយុ០៥ឆ្នាំ សម្រេច បាន១៤១,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ជាង៣សែននាក់ ។ កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ សម្រេច បាន៨០,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅជាង៦សែននាក់ និងលទ្ធផលចាក់វ៉ាក់សាំងធៀបនឹង ចំនួនប្រជាជនសរុប ១៦លាននាក់ សម្រេចបាន៩៥,៣៤% ៕អត្ថបទ៖ ទូច សោភ័ណ