បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទកន្លងមក លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោកឧបត្ថម្ភដល់មន្ត្រីជួបការលំបាកគ្រប់ៗគ្នា។
ជាក់ស្ដែងនៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានចាត់បញ្ជូនលោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងប៉ុស្តិ៍ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា អត្តលេខ ៩៥៩៦១ ឋានៈនាយរងផ្នែក ដែលបានលម្ហែមាតុភាព កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទី នៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឃាង សុឃឿន មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានសុខភាពល្អប្រសើរ ។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ប្រគល់ជូន ដើម្បីជួយសម្រាលនូវការលំបាកខ្វះខាតក្នុងនោះរួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល ,ទឹកដោះគោឆៅ ១កេសធំ ,ទឹកក្រូច ៥កេស ,ទឹកសុទ្ធ ៥កេស ,ត្រីខ ១កេសធំ ,មី ១កេសធំ ,ទឹកត្រី ៥យួរ ,ទឹកស៊ីអ៊ីវ ៥យួរ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ការចែករំលែក និងជួយសម្រាលនូវទុក្ខលំបាករបស់បងប្អូនរួមការងារនៅពេលនេះ វាអាចជួយកាត់បន្ថយការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ បើទោះបីមានចំនួនតិចតួចក្តី គឺជាការរួមចំណែកមួយដ៏សំខាន់របស់អង្គភាពក្នុងការជួយគ្នាក្នុងគ្រាលំបាក៕


