ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បីប្រមូលមូលធនសម្រាប់អនុវត្តគម្រោងកសាង និងអភិវឌ្ឍន៍ជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញមូលបត្ររដ្ឋ នឹងត្រូវដាក់ដេញថ្លៃនៅលើប្រព័ន្ធNBCPរបស់ធនាគារជាតិនៃកម្ពុជា ចាប់ពីម៉ោង៨ ព្រឹកដល់ ២៖៣០រសៀល ដោយបន្ថែមថា តម្លៃចារឹកក្នុងមួយឯកតា ចំនួន ១លានរៀល។
ធនគារជាតិនៃកម្ពុជា បញ្ជាក់ថា អត្រាគូប៉ុង មានចំនួន ៣,៤៨ភាគរយ ដោយរយៈពេលទូទាត់គូប៉ុង ធ្វើឡើង ក្នុងរយៈពេល៦ខែម្តង។
នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ ដុល្លារអាមេរិក សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ ២០២២ ចំនួន ២០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ៤៩ លានដុល្លារអាមេរិក និងការគ្រោងថវិកាចំនួន ៦១៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ១៥១ លានដុល្លារអាម៉េរិកទៀត។
មូលធនបានពីការបោះផ្សាយនេះ គឺសម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្ដល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចិរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ ។
កាលពីឆ្នាំ២០២២ មូលបត្ររដ្ឋលើកទីមួយត្រូវដាក់ឱ្យដេញថ្លៃ ដោយមានអត្រាគូប៉ុង ២ភាគរយ ដោយរាជរដ្ឋាភិបាល បានគ្រោងបោះផ្សាយមូលបត្ររដ្ឋ ៣០០លានដុល្លារ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយកាលពីពេលថ្មីៗនេះថា មូលបត្ររដ្ឋ នឹងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលប្រមូលមូលនិធិសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ឯកឧត្តម បានបន្ថែមថា មូលបត្ររដ្ឋ នេះនឹងបម្រើជាឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់អ្នកវិនិយោគស្ថាប័នដូចជាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម និងមូលនិធិសោធននិវត្តន៍ជាដើម៕ អត្ថបទ៖ វណ្ណៈ
