សូម៉ាលី៖ នគរបាលនិយាយថា ក្រុមអ្នកប្រយុទ្ធអ៊ីស្លាមនិយមបានបំផ្ទុះគ្រាប់បែកមួយគ្រាប់ បន្ទាប់មកបានសម្រុកចូលអគាររដ្ឋាភិបាលក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ៦នាក់ស្លាប់។
អ្នកនាំពាក្យនគរបាលលោក សាឌីក អាដេន (Sadiq Aden) បាននិយាយថា អ្នកវាយប្រហារមកពីក្រុម al Shabaab បានសម្រុកចូលទៅក្នុងប្លុកដែលមានការិយាល័យរបស់អភិបាលក្រុង Mogadishu នៅពេលថ្ងៃត្រង់ ហើយបានប៉ះទង្គិចដោយការបាញ់ប្រហារជាមួយកងកម្លាំងសន្តិសុខ។ លោក Aden និយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Mogadishu ថា កងកម្លាំងសន្តិសុខបានសម្លាប់អ្នកវាយប្រហារទាំងអស់ ហើយជនស៊ីវិលជាច្រើនទៀតបានរងរបួស។ ក្រសួងព័ត៌មានបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៦នាក់ ហើយបានបោសសម្អាតតំបន់នោះនៅម៉ោងប្រហែល ៦ល្ងាច។
ក្រុម Al Shabaab បានបង្កើនការវាយប្រហារនៅក្នុងការបង្ហាញពីភាពខ្លាំង ចាប់តាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Hassan Sheikh Mohamud បានបើកការវាយលុកប្រឆាំងក្រុមដែលមានទំនាក់ទំនង ជាមួយក្រុមអាល់កៃដាកាលពីខែសីហា។ នាយកអង្គភាពសេវាសង្គ្រោះបន្ទាន់លោក Aamin បានដាក់ការប៉ាន់ប្រមាណខ្ពស់ជាងនេះនៃចំនួនអ្នកស្លាប់ ដោយនិយាយថា អង្គភាពបានដឹកជញ្ជូនសាកសពជនរងគ្រោះជាជនស៊ីវិលចំនួន ៨នាក់ ខណៈក្រសួងព័ត៌មានបានរាយការណ៍ថាមានអ្នកស្លាប់ជាជនស៊ីវិលត្រឹមតែ ៥នាក់។ សកម្មភាពដែលបានប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០៦ និងកំពុងស្វែងរកការដាក់ការបកស្រាយអំពីច្បាប់ឥស្លាម តែងតែធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក និងវាយប្រហារដោយកាំភ្លើងនៅទូទាំងប្រទេសសូម៉ាលី៕
អត្ថបទ៖ ប៊ុនថន