ស្នូកឃ័រ៖ កីឡាករស្នូកឃ័រសញ្ជាតិអៀកឡង់ខាងជើង Mark Allen បានយកឈ្នះកីឡាករអង់គ្លេស Judd Trump នៅវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពានស្នូកឃ័រ World Grand Prix។ Mark Allen បាននាំមុខការប្រកួតក្នុងដំណាក់កាលដំបូងនៃវគ្គផ្តាច់ព្រ័ត្រដល់ទៅ ៦-២ហ្វ្រេម និងបន្ថែមការនាំមុខដល់ ៧-២ នៅដំណាក់កាលទី២។

តែ Judd Trump មិនរាថយឡើយ និងបានយកឈ្នះ ៦ហ្វ្រេមផ្ទួន ខណៈ Mark Allen ឈ្នះបាន ១ហ្វ្រេមធ្វើឱ្យអ្នកទាំងពីរស្មើគ្នា ៨-៨ហ្វ្រេមយ៉ាងតានតឹង។ វគ្គផ្តាច់ព្រ័ត្រដែលប្រកួតសរុប ១៩ហ្វ្រេមនោះ អ្នកទាំងពីរក៏បានយកឈ្នះម្នាក់មួយហ្វ្រេមទៀត ៩-៩ ឈានដល់ហ្វ្រេមកាត់សេចក្តីដែល Mark Allen យកឈ្នះហ្វ្រេមចុងក្រោយនោះសរុបលទ្ធផល ១០-៩ហ្វ្រេមដើម្បីទទួលបានប្រាក់រង្វាន់ ១០០,០០០ផោន។
រំលឹកថា ស្នូកឃ័រពានរង្វាន់ World Grand Prix នេះទើបតែបង្កើតឡើងនៅឆ្នាំ២០១៥ ហើយមានតែ Judd Trump ទេដែលឈ្នះជើងឯកច្រើនជាងគេសរុប ៣លើក ក្រៅពីនោះម្នាក់មួយលើករួមមាន Shaun Murphy, Barry Hawkins, Neil Robertson, Ronnie O’Sullivan ២លើក និងចុងក្រោយ Mark Allen៕
អត្ថបទ៖នាង សុភាវុធ