វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អតីតលេខ ១ ពិភពលោក Victoria Azarenka ទីបំផុតបានឈានឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam, Australian Open លើកដំបូងក្នុងរយៈពេល ៧ឆ្នាំបន្ទាប់ពីយកឈ្នះកីឡាការិនីចិន Zhu Lin។

Azarenka ដែលធ្លាប់ឈ្នះជើងឯក Australian Open នេះពីរលើកចាប់ផ្តើមការប្រកួតជុំទី៣ របស់ខ្លួនជាមួយនឹងបរាជ័យនៅសិតដំបូង ៤-៦ ក្រោមស្នាដៃកីឡាការិនីចិន Zhu Lin ដែលឡើងមកដល់វគ្គនេះក្រោយទំលាក់កីឡាការិនីលំដាប់លេខ ៦ Maria Sakkari។ យ៉ាងណាក្តីជើងឯកឆ្នាំ២០១២ និង ២០១៣ Victoria Azarenka បានប្រើបទពិសោធរបស់នាងរហូតយកឈ្នះ ២សិតផ្ទួនៗ ៦-១ និង ៦-៤ វិញ។ កីឡាការិនីវ័យ ៣៣ឆ្នាំ Victoria Azarenka នឹងបន្តដំណើររបស់ខ្លួននៅ Australian Open វគ្គ ៨នាក់ចុងក្រោយដោយនឹងត្រូវជួបជាមួយកីឡាការិនីលំដាប់លេខ ៣ Jessica Pegula។
កីឡាការិនីអាមេរិក Jessi Pegula ម្សិលមិញនេះដែរបានយកឈ្នះកីឡាការិនីឆេក Barbora Krejcikova ដែលជាជើងឯក French Open ឆ្នាំ២០២១។ ពីរសិតផ្ទួន Pegula បានយកឈ្នះដោយលទ្ធផល ៧-៥ និង ៦-២។ គូចុងក្រោយនេះកីឡាការិនីឡេតូនីអតីតជើងឯក French Open, Jelena Ostapenko បានយកឈ្នះកីឡាការិនីអាមេរិក Coco Gauff ៧-៥ និង ៦-៤។ Jelena Ostapenko ដែលឈ្នះជើងឯក Grand Slam ដំបូងក្នុងអាជីពកាលពីឆ្នាំ២០១៧ French Open នោះនឹងត្រូវជួបជាមួយកីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ដែលជាជើងឯក Wimbledon ឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ