វាយកូនបាល់៖ កីឡាករវាយកូនបាល់ស៊ែប Novak Djokovic នឹងត្រូវបន្តដំណើរស្វែងរកពាន Grand Slam, Australian Open លើកទី១០ ក្នុងអាជីពរបស់ខ្លួន ដោយនឹងត្រូវជួបជាមួយកីឡាករក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអូស្ត្រាលី Alex de Minaur នៅជុំទី៤ ថ្ងៃនេះ។
អតីតកីឡាករលំដាប់លេខ ១០ ពិភពលោករូបនេះបានជម្នះបញ្ហាសរសៃពួររបស់ខ្លួន រហូតយកឈ្នះកីឡាករប៊ុលហ្ការី Grigor Dimitrov ៣សិតផ្ទួនៗដែលជាជ័យជំនះ ២៤ប្រកួតជាប់គ្នានៅ Australian Open នេះកាលពីថ្ងៃសៅរ៍។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះនឹងបង្ហាញខ្លួននៅវគ្គ ៨នាក់ចុងក្រោយ Australian Open លើកទី១៣ ថ្ងៃចន្ទនេះ បន្ទាប់ពីមិនដែលចាញ់សោះតាំងពីឆ្នាំ២០១៨។ ជ័យជំនះ ២៤ប្រកួតជាប់គ្នារបស់ Djokovic គឺនៅពេលដែលឈ្នះជើងឯកបីឆ្នាំជាប់គ្នា ២០១៩ ២០២០ និង ២០២១ មុនពេលដែលមិនអនុញ្ញាតឱ្យប្រកួតឆ្នាំមុន។ Djokovic នឹងអាចឡើងមកឈរលេខ ១ ពិភពលោកវិញបានប្រសិនបើគេឈ្នះជើងឯកឆ្នាំនេះ។
ក្រឡេកមកលទ្ធផលការប្រកួតផ្នែកបុរសម្សិលមិញ កីឡាករក្រិក Stefanos Tsitsipas បានយកឈ្នះកីឡាករអ៊ីតាលី Jannik Sinner យ៉ាងតានតឹង ៥សិត ៦-៤ ៦-៤ ៣-៦ ៤-៦ និង ៦-៣ ប្រើពេល ៣ម៉ោង ៥៩នាទី។ កីឡាករលំដាប់លេខ៤ ពិភពលោក Stefanos Tsitsipas នឹងបង្ហាញខ្លួននៅវគ្គ ៨នាក់ចុងក្រោយ Australian Open ឆ្នាំផ្ទួនៗដោយនឹងត្រូវជួបជាមួយកីឡាករឆេក Jiri Lehecka ដែលបានយកឈ្នះកីឡាករកាណាដា Auger-Aliassime។ Auger-Aliassime បានក្លាយជាកីឡាករក្នុងលំដាប់ Top10 ទី៦ ដែលធ្លាក់ចេញពី Australian Open ឆ្នាំនេះបន្ទាប់ពី Casper Ruud, Matteo Berrettini, Taylor Fritz និង Thanasi Kokkinakis៕
អត្ថបទ៖នាង សុភាវុធ