ភ្នំពេញ ៖ ដោយយោងតាមសេចកី្តប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល លេខ១៧៦ សខល ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ Rapid Antigen Test Covid-19 ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ មេសា ២០២១នេះថា ក្រសួងសុខាភិបាល គ្រោងបើកវគ្គបណ្តុះបណ្តាលដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ដូចជាមនី្ទរពេទ្យឯកជន មនី្ទរពហុព្យាបាល មនី្ទរសម្រាកព្យាបាល និងមនី្ទរសម្ភព ក្នុងការប្រើប្រាស់ Rapid Antigen Test Covid-19។ ហើយគ្រប់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ ដែលមានបំណងប្រើបា្រស់ Rapid Antigen Test Covid-19 ត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ Rapid Antigen Test Covid-19 សម្រាប់សេវាសុខាភិបាលឯកជន ដែលនឹងរៀបចំដោយក្រសួងសុខាភិបាល ក្នុងពេលដ៏ឆាប់ខាងមុខនេះ មុននឹងចាប់ផ្តើមអនុវត្ត។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្ថែមទៀតថា ក្រសួងនឹងបង្រៀន និងបើកវគ្គបណ្តុះបណ្តាលដល់គ្លីនិកឯកជន ព្រោះលោកអនុញ្ញាតត្រឹមគ្លីនិកឯកជន និងមនី្ទរពេទ្យឯកជន ជាង១០០ ប៉ុន្តែអាស្រ័យលើគេចង់ធ្វើដែលឬអត់ បើគេចង់ បានគេមករៀន ព្រោះយើងអត់អាចបង្ខំគេបាននោះទេ។ គេមានសិទ្ធ តែគេត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល....។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្រី្តសុខាភិបាល ក្នុងក្របខណ្ឌមនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានចំនួន១២៤០នាក់ កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១២ទីតាំង (បូករួមទាំងព្រីមៀមសែនសុខ ដែលនឹងបើកដំណើរការព្យាបាលជំងឺកូវីដ១៩នាពេលខាងមុខនេះ) និងមានមណ្ឌលសម្រាប់អ្នកធ្វើចត្តាឡីស័ករដ្ឋ និងសណ្ឋាគារ មានជាង៥០ផងដែរ៕
អត្ថបទ រដ្ឋា




