សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនម៉ឺននាក់ បានដើរកម្សាន្ដសប្បាយរីករាយ នៅរណមីយដ្ឋានអង្គរ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករានេះ ខណៈដែលពិធីនេះកើតឡើងចំថ្ងៃសម្រាកការងារ (ថ្ងៃសៅរ៍ និងអាទិត្យផងនោះ) ។
អ្នកទេសចរទៅកម្សាន្ដនៅប្រាសាទអង្គរ បានលើកឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរ កម្សាន្ដមុនគេនៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ឬចូលឆ្នាំខ្មែរនោះទេ ព្រោះពួកគេ ចង់ឃើញ ចង់ដឹងពីការកសាងអង្គរ នៃបុព្វបុរសខ្មែរ ខណៈដែលប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្ដាខេត្ដឆ្ងាយៗ មិនទាន់ស្គាល់ប្រាសាទអង្គរនៅឡើយទេ ។
ពួកគេ បានបន្ដថា ការបានទៅទស្សនាប្រាសាទអង្គរ ដែលជាកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏ អស្ចារ្យ គឺមិនអាចរលងបាន មានប្រាសាទចំនួនបី រួមមានប្រាសាទអង្គវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។
ពួកគេ បានសម្ដែងមោទកភាព ដែលបានទៅកម្សាន្ដនៅខេត្ដសៀមរាប ហើយបានលើកឡើងថា ប្រាសាទអង្គរមានសោភណភាពស្រស់ស្អាត ទាំងបរិស្ថាន អនាម័យ ជាពិសេសប្រាង្គប្រាសាទបុរាណ ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញាថា ប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នៅថ្ងៃទី២១-២២ ខែមករានេះ មានចំនួនប្រមាណ ជាង៧ម៉ឺននាក់ ក្នុងនោះ ទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ៦៤.០០០ នាក់ ដែល ធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២.៥០០នាក់។
រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ៥.៦០០នាក់។ តំបន់ទន្លេសាប មានចំនួនប្រមាណ ២.៥០០នាក់ ។ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ១៣.៤០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន៨.៩១៥នាក់ ៕អត្ថបទ៖ ឈិត សាវី








