កំពត៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នៅថ្ងៃទី២ម្សិលមិញនេះ ភ្ញៀវទេសចរយ៉ាងច្រើនកោះករបាននាំគ្នាទៅកម្សាន្ត នៅឆ្នេរខ្សាច់កោះស្មៅ ដែលជាសមិទ្ធផលទេសចរណ៍ថ្មីរបស់ខេត្តកំពត ។ មូលហេតុដែលពលរដ្ឋ និងទេសចរទៅច្រើនព្រោះឆ្នេរស្អាតគ្មានសំរាម ខ្យល់បរិសុទ្ធ ទេសភាពស្អាតអាចមើលភ្នំ និងថ្ងៃលិច ម្ហូបអាហារឆ្ងាញ់តម្លៃក៏សមរម្យ។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីឆ្នេខ្សាច់កោះស្មៅត្រូវបានស្ថាបនារួមមក នៅពេលល្ងាច ពួកគាត់តែងតែនាំគ្នា មកអង្គុយជជែកកម្សាន្ត និងទទួលទានអាហារជាមួយគ្នានៅទីនេះ។ ដោយឡែកនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ឃើញថា ទើបតែថ្ងៃទី២នេះទេ ដែលពលរដ្ឋជាប់ខ្សែស្រឡាយចិន និងភ្ញៀវទេសចរបានធ្វើដំណើរមកកម្សាន្តនៅខេត្តកំពតច្រើន ជាក់ស្តែងដូចនៅឆ្នេរកោះស្មៅល្ងាចនេះជាដើម។
ពួគគាត់បានបន្តថា កាលពីមុនប្រជាពលរដ្ឋ និងទេសចរមកលេងខេត្តកំពត នាំគ្នាអង្គុយលេងតែនៅតំបនសួនច្បារមាត់ព្រែកតែប៉ុណ្ណោះនៅពេលល្ងាច ប៉ុន្តែឥឡូវពួកគាត់ចូលចិត្តមកលេងនៅឆ្នេរកោះស្មៅនេះជាង ព្រោះទីនេះមានទេសភាពស្អាត និងខ្យល់អាកាសបរិសុទ្ធត្រជាក់ ឆ្នេរខ្សាច់ស្អាតគ្មានសំរាម និងមានលក់ម្ហូបអាហារឆ្ងាញ់ៗ រួមនឹងភេសជ្ជៈក្នុងតម្លៃសមរម្យ។
ក្នុងឱកាសនោះដែរ ភ្ញៀវទេសចរក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានរៀបចំកន្លែងកម្សាន្តស្អាតៗសំបូរបែប សម្រាប់ទទួលទេសចរ និងបានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះដែលខិតខំរក្សាសណ្តាប់ធ្នាប់ សន្តិសុខទូទាំងខេត្តបានល្អ ។
ប្រធានមន្ទីរទេសចរណ៍លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ខេត្តកំពត ទទួលបានទេសចរមកកម្សាន្តរង្វង់៣ម៉ឺននាក់ ហើយស្ថានភាពទូទៅនៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានាមានភាពល្អប្រសើរ គ្មានអ្វីគួរឲ្យកត់សំគាល់ទេ៕អត្ថបទ៖ អន សារឹម